Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​រដ្ឋមន្រ្តី​វ័យ​ក្មេង​ អាយុ​ទើប ៣៣ ឆ្នាំ​កាន់​តំណែងជា​​រដ្ឋមន្រ្តី

បានផុស

នៅ

ឆ្នាំ ២០១៣ លោក សាយ សំ​អាល់ ត្រូវ​បានប្រមុខ​រដ្ឋាភិបាល​​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​ជា​រដ្ឋមន្ត្រីក្មេង​ជាង​គេ​ក្នុង​វ័យ ៣៣ ឆ្នាំ​។ លោក​សាយ សំអាល់ ជា​បញ្ញវន្ត​ដែល​ទទួល​ការ​សិក្សា​ផ្នែក​បរិស្ថាន​នៅ​ប្រទេស​អូស្រ្តាលី ហើយ​ជាថ្នាក់ដឹកនាំ​មាន​ចិត្តទូលាយ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មន្រ្តី​ក្រោម​ឱវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារភាព

​លោក សាយ សំ​អាល់ កើត​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៨០​។ លោក​​ជា​កូនពៅ​ក្នុង​ចំណោម​បង​ប្អូន​ពីរ​នាក់​របស់​សម្តេច​វិបុល​សេនា​​ភក្តី សាយ ឈុំ។ ក្នុង​ពេល​ចូល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ក្នុង​រដ្ឋាភិបាល​អណ្ណតិ​ទី ៥ ឆ្នាំ​២០១៣ លោក​ជា​រដ្ឋមន្រ្តី​វ័យ​ក្មេង​បំផុត​ក្នុង​វ័យ ៣៣ ​​ឆ្នាំ ដោយ​ជំនួស​តំណែង​លោក​បណ្ឌិត ម៉ុក ម៉ារ៉េត។

ប្រវត្តិ​សិក្សា

ជា​បញ្ញវន្ត ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​លោក​ខាង​លិច​ផ្នែក​ជំនាញ​ជីវសាស្ត្រ​ លោក​ សាយ​ សំអាល់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។

កាល​មានអាយុ​ ១៣ ឆ្នាំ ​លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​​សិង្ហបុរី​ ចូល​រៀន​ពី​ថ្នាក់​ទី ៦ ដល់​​ថ្នាក់​ទី ៩ ដោយ​​រៀន​ទាំង​ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ម៉ាឡេ​។ ក្រោយមកបាន​​បន្ដ​ការ​សិក្សា​ថ្នាក់​ទី ១០ ដល់​ទី ១២ នៅ​ប្រទេស​អូស្ដ្រាលី​ដោយ​តម្រង់​ទិស​ខាង​ផ្នែក​ជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ជាប់​ជា​បេក្ខភាព​​បណ្ឌិត​ជំនាញ​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្ដ្រាលី។

វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ

នៅ​ឆ្នាំ ២០០៨ ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្រ្តាលី លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ឋានៈ​ជា​ប្រធាន​អាជ្ញាធរ​​បឹង​ទន្លេសាប​​។ បន្ទាប់​មក​​បាន​កាន់​តំណែង​ជា​អគ្គលេខា​រង និង​ជា​អគ្គលេខា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី ៤ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ មុន​ពេល​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោកក៏​ជា​ប្រធាន​គណៈ​ពង្រឹង​នៅ​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម​។

ក្រុម​គ្រួសារ

លោក​សាយ សំអាល់ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ឌិត និតា និង​មាន​កូន​០៣នាក់​ជា​ចំណង​ដៃ។

ស្នាដៃ

និយាយ​ពី​សមិទ្ធផល​ការងារ លោក​សាយ សំ​អាល់ បាន​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​ក្រសួង​លើ​ការ​កែទម្រង់​ និង​ការ​រៀបចំ​ដំឡើង​ប្រាក់ខែ​ដល់​ឧ​ទ្យានុរក្ស។ សមិទ្ធផល​ដ៏​លេច​ធ្លោ​គឺ​អាគារ​ទីស្តីការ​ក្រសួង​ថ្មី​បាន​លេច​រូបរាង​ឡើង​ក្នុង​អាណត្តិ​រដ្ឋមន្រ្តី​វ័យ​ក្មេង​រូប​នេះ។

លើ​កិច្ចការ​ការពារ​បរិស្ថាន​វិញ ក្រោម​ការ​ដឹកនាំ​លោក​សាយ សំ​អាល់ បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ក្រោម ២៧ ក្រុមហ៊ុន ដែល​បាន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋយក​​​មក​គ្រប់គ្រង​វិញ។

លោក​សាយ សំ​អាល់ ក៏​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មានការ​បែងចែក​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ច្បាស់លាស់​ជាមួយ​ក្រសួងកសិកម្ម។ ក្រ​សូង​បរិស្ថាន​បាន​ផ្ទេរ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៧៣​កន្លែង និង​តំបន់​អភិរក្ស​ព្រៃឈើ១៨កន្លែង​ទៅកាន់​ក្រសួងកសិកម្ម។ គិត​មក​ពេលនេះ ក្រសួងបរិស្ថាន​កំពុង​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ចំនួន៤៥កន្លែង​ស្មើ​ជិត៦លាន​ហិកតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ១,៤លាន​ហិកតា​ទៀត។

លោក​គឺជា​រដ្ឋមន្ត្រី​ដែល​លេចធ្លោ​និង​វ័យក្មេង​ជាងគេ​នៅ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំងអស់​ ហើយក៏​​ធ្លាប់​ទទួល​បាន​ការ​កោត​សរសើ​រ​​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​ពី​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន។

រដ្ឋមន្ត្រី​រូប​នេះ​ បាន​កសាង​ស្នាដៃ​ជា​ច្រើន​ ក្នុង​​អាណត្តិ​ការងារ​របស់​លោក​រួម​មាន ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាង​ ១​ពាន់​ នាក់​ ដែល​ធ្លាប់​ជា​មន្ត្រី​កិច្ច​សន្យា​ ឱ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ សម្ភារៈ​ចុះ​ល្បាត​ កាំ​ភ្លើង​ និង​ថវិកា​ចុះ​ល្បាត​ពេកន្លងមក។

លោក​ សាយ សំអាល់ ក៏បាន​បង្កើត​យន្ត​ការ​ថ្មី​ៗ​មួយ​ចំនួន​ ដើម្បី​កៀរគរ​ការ​ចូល​រួម​ទ្រទ្រង់​វិស័យ​បរិស្ថាន​ រួម​មាន​ បង្កើត​ឱ្យ​មាន​ចលនា​សាលា​ប្រកួត​ប្រជែង​ប្រជា​ប្រិយភាព​បរិស្ថាន​ អារាម​មេត្រី​ភាព​បរិស្ថាន​ បង្កើត​ឱ្យ​មាន​ប័ណ្ណ​សរសើរ​ និង​ការ​គ្រប់​គ្រង​​កាក​សំណល់​សំរាម​បាន​ល្អ​ប្រសើរ​ជាង​មុន និង​យន្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្រាស្ទីកជា​ដើម។​

ទស្សនៈ

ជារដ្ឋមន្រ្តីដែលមាន​សមត្ថ​ភាព​ខ្ពស់​ ចិត្ត​ទូលាយ​ រុះរាយ​រាក់​ទាក់​ជា​មួយ​មន្ត្រី​តូច​តាច​ថ្នាក់​ក្រោម​ និង​អនុ​វត្ត​សកម្ម​ភាព​ការងារ​បាន​ច្រើន លោក សាយ សំអាល់​បង្ហាញ​ទស្សនៈ​ជឿជាក់​ថា​ កម្ពុជា​នឹង​មាន​អនាគត​ដ៏​ល្អ​មួយ នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​។ យុវជន​កម្ពុជា​នឹង​ឈាន​ដល់​យុគសម័យ​មាស​មួយ​ ដោយ​សារ​ប្រជាជន​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ជាង​មុន​។ ពួកគេ​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ​ជាង​មុន​ ហើយ​ពួកគេ​អាច​បម្លែង​ចំណេះ​ទាំង​នោះ​ទៅ​ជា​ធុរកិច្ច ដែល​នឹង​រុញ​ច្រាន​ប្រទេស​កម្ពុជា​នឹង​អាច​ដើរ​លឿន​ជាង​មុន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម