Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលស្នើអភិបាលរាជធានីខេត្តបង្កើនផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ឱ្យបានផុលផុសបន្ថែម

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យអភិបាលរាចធានីខេត្តទាំងអស់បង្កើនផ្សព្វផ្សាយពីយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ឱ្យបានផុលផុសបន្ថែមទៀត ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីខេត្តចុះកាលពីល្ងាចថ្ងៃទី១៤ ខែមីនា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ដោយកម្ពុជានៅតែរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃហើយក្នុងនោះក៏មានករណីឈឺធ្ងន់ សម្រាកពេទ្យ
និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តថា ដូច្នេះយុទ្ធនាការអប់រំផ្សព្វផ្សាយជាបន្តនាពេលនេះនៅតែមានសារសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាពរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈ​កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានរៀបចំបន្តធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធជាពិសេស អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុង ស្មារតីសាមគ្គីភាពដើម្បីកាត់​ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លើសពីនេះយុទ្ធនាការនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នរបស់បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញក្នុងការបន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ព្រមទាំងទទួលយកការវ៉ាក់សាំងឱ្យបានឆាប់បំផុត ទាំងដូសមូលដ្ឋាន និងដួសជំរុញដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការ សង្គមនិងសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីក៏បានស្នើអភិបាល រាជធានី-ខេត្តទាំងអស់ចាត់ចែងរៀបចំ និងចូលរួមជំរុញយុទ្ធនានេះចាប់ពីពេលនេះតទៅដោយរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំតាមការណែនាំរបស់ អ.ប.ទ ដូចជាការបិទតាំងបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយ តាមឧបករណ៍បំពងសំឡេង និងការចុះអប់រំផ្សព្វផ្សាយដោយប្រើសារ ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់ និងលើកទឹកចិត្តប្រជាជនឱ្យបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើនប្រជុំជន ភោជនីយដ្ឋាន រោងច សាលារៀនជាដើម និងជំរុញគាំទ្រឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វាក់សាំងកូវីដ-១៩ ដល់ប្រជាជនគោលដៅឱ្យបានលឿនផងដែរ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១​ហើយរហូតមកដល់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២២នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងចំនួន១៣៧៧២ករណីក្នុងនោះមាន១២៨១៧ករណីឆ្លងចូលក្នុងសហគមន៍និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម