Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង៖ ធនាគារពិភពលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការជួយគាំទ្ររបស់ធនាគារពិភពលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Benit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកលនូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

នៃធនាគារពិភពលោកកាលពីរសៀលថ្ងៃទី២២ ខែមីនាតាមប្រព័ន្ធវីដេអូសន្និសីទ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក​ដែលបានជួយគាំទ្រដល់​គម្រោងសំខាន់ៗ​មួយចំនួនស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលគម្រោងសំខាន់ៗទាំងនោះ រួមមាន ៖ គម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។

សម្ដេចក្រឡាហោមសខេងបានបន្តថា «ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំងនេះពីសំណាក់ធនាគារពិភពលោក គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងចូលរួមរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គោលដៅ នៃការអនុវត្តនូវគម្រោងទាំងនេះ»។

លោក Benit Bosquet ប្រធានប្រចាំតំបន់ នៃធនាគារពិភពលោក បានសម្ដែងនូវការគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ដោយលោកបានលើកឡើងថា នេះគឺជាមូលហេតុមួយដែលលោកមានបំណងជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ព្រមទាំងក្រុមការងារទទួលបន្ទុកកិច្ចការទាំងនេះពាក់ព័ន្ធទៅនឹងអ្វីគម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP)និងគម្រោងគ្រប់គ្រងសំណល់រឹង។

លើសពីនេះទៀត លោក Benit Bosquet បានយល់ឃើញដូចសម្ដេចក្រឡាហោមផងដែរថា ចំពោះអត្ថប្រយោជន៍ដែលគម្រោងទាំងនេះបានផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគឺការចូលរួមជួយអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាគោលដៅក្នុងការអនុវត្តគម្រោងទាំងនោះ។

លោកបានបន្ដថា ធនាគារពិភពលោក ក៏នៅតែបន្ដបង្ហាញការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកតាមរយៈការអនុវត្តគម្រោងបែបនេះសំដៅធ្វើយ៉ាងណាចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោក Benit Bosquet ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា មានកិច្ចការងារមួយចំនួនទៀតដែលភាគីទាំងពីរត្រូវបន្ដជជែកពិភាក្សាគ្នានៅលើកិច្ចការងារបន្ថែមទៀតពាក់ព័ន្ធទៅ​នឹងគម្រោងទាំងបីនៅខាងលើនេះសំដៅធ្វើយ៉ាងណាបង្កើតបាននូវនិរន្ដរភាពសម្រាប់ការអនុវត្តគម្រោងទាំងនេះហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋបន្ដទៅមុខទៀត។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ លោក Benit Bosquet និងគណៈប្រតិភូរបស់ធនាគារពិភពលោក ដោយសម្ដេចក្រឡាហោមលើកឡើងថា សម្ដេច និងសហការីពាក់ព័ន្ធនៃក្រសួងមហាផ្ទៃបានត្រៀមខ្លួនជានិច្ច ដើម្បីជជែកពិភាក្សាជាមួយភាគីធនាគារពិភពលោកក្នុងការពិនិត្យធ្វើយ៉ាងណាធានាបាននូវនិរន្ដរភាពនៃដំណើរការអនុវត្តគម្រោងសំខាន់ៗទាំងនេះសំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យបន្ដចូលរួមចំណែកដើម្បីឱ្យការអនុវត្តគម្រោងសំខាន់ៗទាំងនេះ សម្រេចបានជោគជ័យ។

តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក្រឡាហោម បានជម្រាបជូនបន្ថែមដល់គណៈប្រតិភូរបស់ ធនាគារពិភពលោក ថា សម្ដេច ក៏បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាគោល​ដៅនៃការអនុវត្តគម្រោងទាំងនេះពិតជាឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងសំខាន់ៗទាំងនេះ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញដល់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជជែកពិភាក្សាសំដៅធ្វើយ៉ាងណាទទួលបាននូវការគាំទ្របន្ថែមទៀតពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះអាចបន្ដនិរន្ដរភាពសម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម