Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ ប្រកាសរៀបចំសង្ក្រាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមក ដោយសារការរាត​ត្បា​តនៃជំងឺកូវីដ-១៩។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើនៅខាងមុខសួនច្បារសាលាខេត្ត ដោយមានការរៀបចំតុបតែងលម្អ ផ្កាភ្ញីភ្លើង ពណ៌យ៉ាងស្រស់ស្អាត និងមានរៀបចំជាល្បែងប្រជាប្រិយ៍ផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យបានលេងកំសាន្តសប្បាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត ក៏បានណែនាំឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ត្រូវរៀបចំលំនៅដ្ឋានឲ្យបានស្អាត ដោយទង់ជាតិ ផ្កាភ្ញីដើម្បីទទួលទេព្វតាឆ្នាំថ្មី។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរៀបចំ និងការជួបជុំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការរៀបចំបុណ្យសង្គ្រាននេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស រក្សាគម្លាតសុវត្តភាពនិ ងការធ្វើអនាម័យលាង ដៃជាមួយសាប៊ូ ជែលឬអាកុល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លោក ឌី រ៉ាដូ បានបញ្ជាក់ថា ការរៀបចំសង្គ្រានឆ្នាំនេះ ដោយសាររាជរដ្ឋាភិបាល បានប្រកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញ ដែលបណ្តាលមកពីមានការថមថយនូវជំងឺកូវីដ-១៩ និងបើកទំព័រថ្មី នៃសេដ្ឋកិច្ចលើគ្រប់វិស័យ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៥១ (ឧត្ដុង្គ – ថ្នល់ទទឹង) នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមីនាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មី ថា នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយសារតែកម្ពុជា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានច្រើនលើសលប់។ ប៉ុន្តែសម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តទៅតាមវិធានការការពារ របស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម