ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មិនថាតែរុស្ស៊ីនោះទេ ប្រទេសណាក៏ដោយ ឲ្យតែឈ្លានពានប្រទេសមួយទៀត គឺកម្ពុជាប្រឆាំងជានិច្ច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មិនថាតែប្រទេសរុស្ស៊ីនោះទេ ប្រទេសណាក៏ដោយ ឲ្យតែឈ្លានពានប្រទេសមួយទៀត គឺប្រទេសកម្ពុជាប្រឆាំងជានិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះថា នៅថ្ងៃនេះ សម្ដេចត្រូវចេញមុខបញ្ជាក់ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានដឹងច្បាស់ គឺការដែលប្រទេសកម្ពុជា បានបោះឆ្នោតប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
បើតាមសម្ដេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជា បានបោះឆ្នោតចំនួនពីរលើក ហើយមិនមែនជាការបោះឆ្នោត ក៏ប៉ុន្តែប្រទេសកម្ពុជា ថែមទាំងឈរជាឋានៈCo-Sponsor ឬក៏សហស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា បុគ្គលដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រាប់នយោបាយការបរទេស តំណាងឲ្យប្រទេសកម្ពុជា គឺក្រៅពីព្រះមហាក្សត្រ មាននាយករដ្ឋមន្ត្រី និងក្រសួងការបរទេស ដោយមិនអាចយកអ្នកណាផ្សេង មកធ្វើអត្ថាធិប្បាយគោលជំហរជំនួយសបានទេ។
បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ មានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី មានហេតុផលចំនួន ៤ គឺ ទី១. កម្ពុជាមិនទាន់មាននាវាមុជទឹក, ទី២. កម្ពុជាមិនទាន់មានយន្ដហោះម៉េច សម្រាប់ទម្លាក់គ្រាប់បែក, ទី៣. កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា, ទី៤. កងទ័ពកម្ពុជាសម្បូរទៅដោយឧត្ដមសេនីយ៍ ដែលក្បាលពោះធំជាដើម។ ត្រង់ចំណុចនេះ ពួកគេចង់សំដៅថា បើប្រសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី។
ប៉ុន្តែសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា »ខ្ញុំសូមបញ្ជាក់កម្ពុជាប្រកាន់ជំហរជាគោលការណ៍ មិនថាតែរុស្ស៊ីទេ ប្រទេសណាក៏ដោយដែលឈ្លានពានប្រទេសមួយទៀត កម្ពុជាប្រឆាំងជានិច្ចៗ»។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ប្រទេសរុស្ស៊ី ជាមិត្តរបស់កម្ពុជា ដែលធ្លាប់ជួយ និងមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា តាំងពីទស្សវត្សរ៍ ៥០ រហូតមក។ ក៏ប៉ុន្តែរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ដែលមិនមែនគ្រាន់តែជាការជួយត្រឹមតែសាធារណរដ្ឋ ដូណេត និងឡូហាន់ តែបានវាយចូលដល់ទីក្រុងថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សកម្មភាពឈ្លានពានបែបនេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹត្យបានដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ថ្ងៃក្រោយ បើសិនជាប្រទេសណាមួយ ធ្វើឥរិយាបថបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់អ្នកណា យើងអនុវត្តនូវនយោបាយការបរទេស ផ្អែកលើច្បាប់ៗ ផ្អែកលើកធម្មនុញ្ញអង្គការសហប្រជាជាតិ យើងមិនមែនអនុវត្តនយោបាយ ការបរទេសផ្អែកទៅលើកម្លាំងនោះទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ