ព័ត៌មានជាតិ
ធនាគារ ហត្ថា ដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីបន្តផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប និងទាន់សម័យ
ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ ម៉ោង ជាពិសេសបំពាក់ដោយបចេ្ចកវិទ្យាដ៏ទាន់សម័យដែលមានដូចជា៖ ម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីប្រាក់បញ្ញើសន្សំ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់អំពីតម្រូវការរបស់អតិថិជន ជាពិសេសតម្រូវការសេវាកម្មធនាគារតាមបែបឌីជីថល ដូចនេះបានជាធនាគារវិនិយោគនូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើត និងដាក់ឲ្យប្រើប្រាស់ Hattha Smart Banking នៅថ្ងៃនេះ។ យើងជឿជាក់ថា Hattha Smart Banking ពិតជាអាចជួយសម្រួលដល់ការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុរបស់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩”។ លោកបានបន្ថែមទៀតថា៖ “ជាជំហានដំបូង យើងដាក់ឲ្យប្រើប្រាស់នៅសាខាចំការមននេះមួយសិន ហើយក្នុងពេលឆាប់ៗខាងមុខនេះ Hattha Smart Banking នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាច្រើនកន្លែងផ្សេងទៀតក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តធំៗមួយចំនួនទៀត។”

លោក នួន វីរៈដារ៉ា អគ្គនាយកឌីជីថល ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ជាមួយ Hattha Smart Banking អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងសម្បូរបែប ២៤/៧ បានយ៉ាងងាយស្រួល មិនអស់កម្រៃសេវា និងមានសុវត្ថិភាពខ្ពស់។ សេវាហិរញ្ញវត្ថុទាំងនោះរួមមាន បើកគណនីបញ្ញើសន្សំ បើកគណនីបញ្ញើមានកាលកំណត់ ដាក់/ដកប្រាក់ ផ្ទេរប្រាក់ក្នុងនិងឆ្លងធនាគារ បង់វិក័យបត្រគ្រប់ប្រភេទ ជាដើម។ល។”

ក្នុងឱកាសនេះផងដែរ ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតក្នុងការដាក់ឱ្យប្រើប្រាស់នូវ Hattha Smart Banking បានដោយជោគជ័យ ធនាគារ ហត្ថា ក៏បានរៀបចំស្តង់ប្រូមូសិននៅមុខការិយាល័យសាខាចំការមនរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់នូវព័ត៌មានផ្សេងៗទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ និងផ្តល់នូវរង្វាន់ភ្លាមៗជាច្រើនដល់អតិថិជនចូលរួមកម្មវិធីរួមមាន៖ iiWatch AirPods ឆត្រ ថង់បរិស្ថាន និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។




អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹម ខែមិនា ឆ្នាំ ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០,០០០គណនី ជាមួយផលប័ត្រឥណទានសរុបជិត ១,៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១,២០០ លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០,០០០ អ្នក និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបជំនួនជាង ៩០,០០០ នាក់។ ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


