ព័ត៌មានជាតិ
អង្គការបារាំង ពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ឡើងវិញ
អង្គការ ESC មកពីប្រទេសបារាំង បានចាប់ផ្ដើមបេសកកម្មការងារ ជួយថែទាំពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ដល់កុមារគថ្លង់នៅកម្ពុជាជាថ្មីឡើងវិញ ក្រោយពីបានខកខានរយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

អង្គការ ESC ដែលមានលោក ហ្សង់ប៉ូល (Jean Paul) ជាស្ថាបនិក បានដឹកនាំក្រុមការងារ មកពិនិត្យសុខភាពត្រចៀក ក៏ដូចជាផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ នៅសាលាអប់រំពិសេសទាំង ៥នៅកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមិថុនា ក្រុមការងារនៃអង្គការ ESC ដែលមកពីប្រទេសបារាំងនេះ កំពុងបំពេញបេសកកម្មការងាររបស់ខ្លួន ជូនសិស្សជាង ១០០នាក់ នៅទីតាំងវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ទៅតាមតម្រូវការជាក់ស្ដែង។

លោក ហ្សង់ប៉ូល បានមានប្រសាសន៍ថា លោកបានចាប់ផ្ដើមការងារជួយកុមារគថ្លង់នៅកម្ពុជា តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយក៏បានជួយដល់កុមារកម្ពុជាជាច្រើនផងដែរ។ លោកបន្តថា ក្រៅការផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់នេះ បេសកកម្មរបស់អង្គការក៏ផ្ដោតលើការបណ្ដុះបណ្ដាលគ្រូបង្រៀននៅសាលាអប់រំពិសេសផងដែរ។

លោក ម៉ែន សុវណ្ណ ជានាយកវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ មានសិស្សជាកុមារគថ្លង់ចំនួន ១២១នាក់ កំពុងសិក្សា និងមានមួយចំនួន គឺស្នាក់នៅក្នុងទីតាំងសាលាផ្ទាល់។ កុមារទាំងអស់ សុទ្ធតែទទួលបានការត្រួតពិនិត្យ ក៏ដូចជានឹងអាចទទួលបានឧបករណ៍ជំនួយការស្ដាប់ទៅតាមស្ថានភាពជាក់ស្ដែង ដោយកុមារខ្លះត្រូវប្រើប្រាស់ឧបករណ៍ជំនួយការស្ដាប់ទាំងសងខាង រីឯកុមារខ្លះត្រូវការតែម្ខាង ឬក៏ពុំត្រូវការ។

លោកបានថ្លែងអំណរគុណចំពោះសកម្មភាពរបស់អង្គការ ESC ដែលបានជួយពិនិត្យសុខភាព និងផ្តល់ឧបករណ៍ជំនួយការស្តាប់ដល់សិស្សវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ព្រោះជំនួយទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់កុមារគថ្លង់ ខណៈដែលសាលាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។

លោក ម៉ែន សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះវិទ្យាល័យ អប់រំពិសេស ច្បារអំពៅ ក្រៅពីការផ្ដល់ការសិក្សាពិសេសជូនកុមារគថ្លង់ តាមរយៈភាសាកាយវិការ សាលាក៏ផ្ដល់ជូនការស្នាក់នៅ អាហារជូនកុមារដោយពុំគិតថ្លៃផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


