ព័ត៌មានជាតិ
រដ្ឋមន្ត្រីជំរុញបង្កើនត្រួតពិនិត្យ អ្នកដំណើរតាមព្រំដែន ទប់ស្កាត់ការឆ្លងវីរុសបំប្លែងខ្លួនថ្មីៗ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យសមត្ថកិច្ចដែលឈរជើងតាមព្រំដែនត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ចំពោះប្រជាជនខ្មែរ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីៗ ដែលបច្ចុប្បន្នមានឆ្លងនៅបណ្តាប្រទេសមួយចំនួនរួចហើយ។

តាមរយៈសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះកាលពីយប់ថ្ងៃទី២៩ មិថុនានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរនោះ បានមានប្រសាសន៍ថា វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង BA2 មានលក្ខណៈឆ្លងលឿនជាងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងដើម និងអាចបណ្តាល ឱ្យស្លាប់ជាងវីរុសកូវីដ-១៩ ប្រភេទដែលតា ផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ននេះមានអ្នកដំណើរចេញ-ចូលប្រទេសកាន់តែច្រើនឡើងៗ ហើយវាក៏ជាឱកាសដែលនាំឱ្យមានការចម្លងនូវវីរុសបំប្លែងខ្លួនថ្មីៗ ដែលបច្ចុប្បន្ន វីរុសប្រភេទអូមីក្រុង BA.4, BA5 កំពុងគ្របដណ្តប់ការចម្លងករណីថ្មី នៅ ប្រទេសមួយចំនួន។

លោករដ្ឋមន្ត្រីបានណែនាំ និងជំរុញដល់មន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែនផ្លូវគោក ទឹក និងអាកាស ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលដែលនៅជាធរមានឱ្យបានហ្មត់ចត់ចំពោះប្រជាជនខ្មែរ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែន។
លោករដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាការរាតត្បាត និងហាវិភ័យសុខភាពសាធារណៈនៅកម្ពុជាត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ក៏ឱកាសនៃការផ្ទុះឆ្លងរាតត្បាតឡើងវិញ នៅតែអាចកើតមានជាយថាហេតុ ដែលទាមទារត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដូសទី៣ ទី៤ និងទី៥ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា បានឆាប់ហ័ស និងអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញ ក្នុងសហគមន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល និងសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។

គួររម្លឹកថា កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១០នាក់ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន ៥២ថ្ងៃជាប់គ្នារួចមក។ អ្នកជំងឺថ្មី ឆ្លងជំងឺ កូវីដ-១៩ ទាំង ១០ ករណីនោះ ត្រូវបានរកឃើញ ដោយ PCR និងជាប្រភេទអូមីក្រុង ទាំងអស់។ ២ នាក់ ជាករណីនាំចូល ឯ ៨ នាក់ ក្នុងសហគមន៍ ក្នុងនោះ ៥ នាក់ ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


