ព័ត៌មានជាតិ
គយកម្ពុជា នឹងរឹតបន្តឹងការនាំចូលរថយន្តចង្កូតស្ដាំ តាមច្រកព្រំដែនជាមួយថៃ
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជានឹងរឹតបន្តឹងការនាំចូលរថយន្តចង្កូតស្ដាំតាមព្រំដែនថៃ បើទោះបីជាបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ មានប្រវែងវែងយ៉ាងណាក៏ដោយ។ ការថ្លែងរបស់លោក គុណ ញឹម នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការបង្ហាញលទ្ធផល នៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ដែលមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកផ្សេងៗ នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ។

មេគយរូបនេះបញ្ជាក់ថា លោកនឹងរៀបចំចេញសេចក្ដីណែនាំមួយដល់មន្ត្រីគយ ជាពិសេសការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៣ ដែលគ្របដណ្ដប់ខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ ឲ្យយកចិត្តទុកដាក់ឃ្លាំមើល និងដាក់កម្លាំងដើម្បីទប់ស្កាត់ ការលួចនាំចូលរថយន្តចង្កូតស្ដាំថ្មីៗ ។
បន្ថែមពីនេះលោកថា ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៤ ដែលមានវិសាលភាពលើខេត្តជាប់ប្រទេសថៃមួយចំនួន ពោលគឺខេត្តពោធិ៍សាត់ដែលមានច្រកថ្មដា និងច្រករបៀង ខេត្តបាត់ដំបង មានច្រកដួង ច្រកអូររំដួល ច្រកអូរអន្លក់ និងច្រករបៀងតូចៗ ខេត្តប៉ៃលិន មានច្រកព្រំជាំដើម ក៏ត្រូវអនុវត្តស្រដៀងគ្នានេះដែរ។
ដោយឡែក ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅក្នុងតំបន់ ៥ ដែលមានវិសាលភាពធំជាងគេ ចាប់ពីខេត្តបន្ទាយមានជ័យ រហូតដល់ឧត្តរមានជ័យ និងច្រករបៀងរាប់រយច្រក ដែលមានលក្ខណៈភូមិសាស្ត្រតឹងតែង នឹងត្រូវបន្ថែមកម្លាំងក្នុងការស្រាវជ្រាវ ដើម្បីល្បាត និងបញ្ឈប់ការនាំចូលរថយន្តចង្កូតស្ដាំមកកាន់កម្ពុជាបន្តទៀត។ ទោះជាយ៉ាងនេះក្ដី លោក គុណ ញឹម បញ្ជាក់បន្ថែមថា កត្តាព្រំដែនវែងអន្លាយ និងកត្តាមនុស្ស ( ជនខិលខូច) នៅតែជាឧបសគ្គក្នុងការអនុវត្តការងាររឹតន្តឹងការនាំចូលរថយន្តចង្កូតស្ដាំពីប្រទេសថៃ ឲ្យបានមួយរយភាគរយ។
លោកថា គោលដៅជាសំខាន់ គឺកាត់បន្ថយបញ្ហានេះឲ្យបានជាអតិប្បរមា ដើម្បីបង្កើនបរិយាកាសសម្រាប់ការធ្វើធុរកិច្ចល្អ ដែលនាំឲ្យចំណូលជាតិកើនឡើង។ ក៏ប៉ុន្តែការងារនេះ គឺត្រូវអនុវត្តក្នុងរយៈពេលយូរអង្វែង គួបផ្សំនឹងកត្តាសេដ្ឋកិច្ច កត្តាអនុវត្តច្បាប់ និងកត្តាវប្បធម៌សារពើពន្ធ ក្នុងការអប់រំពលរដ្ឋឲ្យយល់ដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកសង្គម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញបានសម្រេចតាមការស្នើសុំ របស់ម្ចាស់រថយន្ដចង្កូតស្ដាំ ដោយឯកភាពឲ្យរថយន្តប្រភេទនេះ មិនចាំបាច់កែចង្កូតនោះទេ ដោយគ្រាន់តែចូលមកបង់ពន្ធជូនរដ្ឋ និងមិនត្រូវនាំចូលរថយន្តចង្កូតស្ដាំថ្មីបន្ថែមទៀត ជាដាច់ខាត៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


