Connect with us

ព័ត៌មានជាតិ

បិទកំណាត់ផ្លូវ ២០០៤ ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ចំនួន ១០ ថ្ងៃ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់ផ្លូវ ២០០៤ ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌ​សែនសុខ ចំនួន ១០ថ្ងៃ ដើម្បីបើកការដ្ឋានដាក់លូមេរំដោះទឹកជំនន់ ដោយគិតចាប់ពីយប់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២២ នឹងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ បាន​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាម​បណ្ដោយផ្លូវលេខ ​២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខឱ្យបានជ្រាបថា ដើម្បី​កែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញសំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេរំដោះទឹកជំនន់លិចនៅលើកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្តើមពីយប់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២២ នឹងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្តាលឱ្យមានការរំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តនិងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរួមសហការអនុវត្តដោយឈរលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម