ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ការអភិវឌ្ឍធនធានវិស្វកម្មជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត សម្រាប់អភិវឌ្ឍសង្គមជាតិ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុត មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា កាលពីរសៀលថ្ងៃទី០៩កញ្ញានៅសណ្ឋាគារសុខា លោករដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍធនធានវិស្វកម្មនេះ ដោយសារបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានសំណង់អគារខ្ពស់ៗ ងើបឡើងប្រណាំងគ្នាយ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវហាយវ៉េ ជាដើម។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដូចនេះ វាជាការចាំបាច់ក្នុងការបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។

ចំពោះមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា លោករដ្ឋមន្ត្រីបានបន្ថែមថា មន្ទីរពិសោធន៍នេះ នឹងបន្តជំរុញ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់គណៈវិស្វករកម្ពុជា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីពនៅគណៈវិស្វករកម្ពុជា ដើម្បីរួមចំណែក ចូលរួមគិតគូរជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការកសាងប្រទេស ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់របស់វិស្វករយើង។
ដើម្បីជំរុញឱ្យគោលបំណងរបស់គណៈវិស្វករកម្ពុជាអាចសម្រេចបានប្រកបដោយសុក្រឹត្យភាពលោករដ្ឋមន្ត្រី បានណែនាំដល់គណៈវិស្វករកម្ពុជាត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដោយសហការជាមួយដៃគូរ គឺក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោ ធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ពីព្រោះថា មន្ទីរពិសោធន៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាស្ពានផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យលើការងារវិស្វកម្មនិងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ប្រកបដោយភាពប្រាកដច្បាស់លាស់។
លោកសុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជាបានឱ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើង ស្របទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំធនធានបញ្ញាវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


