ព័ត៌មានជាតិ
ក្រសួងឱ្យវត្តអារាមដែលមានម្ហូបអាហារលើសតម្រូវការ ត្រូវរៀបចំយកទៅជូនចាស់ព្រឹទ្ធាចារ្យ និងជនទីទ័លក្រ
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា បានណែនាំដល់បណ្តាវត្តអារាមដែលមានម្ហូបអាហារលើសតម្រូវការ ត្រូវចាត់ចែងរៀបចំយកទៅជូនចាស់ព្រឹទ្ធាចារ្យនិងជនទីទ័លក្រ។
ការណែនាំនេះដោយសារពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរាល់ឆ្នាំមានវត្តអារាមខ្លះមានម្ហូបអាហារច្រើនលើសពីតម្រូវការនិងសល់ពោរពាស ពិសេសវត្តនៅតាមទីប្រជុំជន និងទីក្រុង។ ជាក់ស្តែងនៅថ្ងៃទី១ នៃពិធីកាន់បិណ្ឌនេះមានពុទ្ធបរិស័ទយ៉ាងច្រើនបាននាំគ្នាធ្វើដំណើរទៅចូលរួមធ្វើបុណ្យកុសលនៅតាមទីវត្តអារាមនានាទូទាំងប្រទេស។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍នៅព្រឹ
កថ្ងៃទី១១ ខែកញ្ញានេះថា « នៅក្នុងពិធីកាន់បិណ្ឌនិង ភ្ជុំបិណ្ឌនេះ គ្រប់វត្តអារាមនីមួយៗ ប្រសិនបើវត្ថុទានមានភោជនាហារ នំចំណី ជាដើមលើសពីសេចក្តីត្រូវការ ត្រូវចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា
ជនពិការ ស្ត្រីមេម៉ាយជនទីទ័លក្រ ជនអនាថា និងជនរងគ្រោះដោយហេតុផ្សេងៗ»។

លោកបានបន្តថា ការជូនម្ហូបអាហារដល់ចាស់ព្រឹទ្ធាចារ្យ និងជនទីទ័លក្រនេះ គឺការផ្តល់ទាន និងជាបុណ្យកុសលផលបុណ្យដ៏ឧត្តុង្គឧត្តមក្នុងវិស័យព្រះពុទ្ធសាសនា។ លោកបានបន្តទៀតថា ថ្ងៃកាន់បិណ្ឌវេនទី១នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសល្អប្រសើរដោយមានមនុស្សចូលរួមធ្វើបុណ្យតាមបណ្តាវត្តអារាមនានាច្រើនជាងឆ្នាំមុនដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ប្រជាពលរដ្ឋមានសេដ្ឋកិច្ចកល្អប្រសើរ និងប្រទេសមានសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការឱ្យប្រជាពលរដ្ឋមានពេលវេលាទៅ ធ្វើបុណ្យទាន។ ក្រៅពីនេះក្រសួងធម្មការបានហាមការដើររៃអង្គាសតាមផ្លូវសាធារណៈ និងទីប្រជុំជនក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌផងដែរ ព្រោះទង្វើនេះធ្វើឱ្យបាត់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឱ្យដំណើការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី
ក្រសួងធម្មការបានណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្តត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់ បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសដែលបាន ពលីក្នុងបុព្វហេតុជាពិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា
ដោយអនុវត្តនូវវិធានការ “ពាការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


