ព័ត៌មានជាតិ
ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នជាដំណោះស្រាយមានប្រសិទ្ធិភាពសម្រាប់ជនមានពិការភាព
ភ្នំពេញ – អង្គការ Water Aid កម្ពុជាសហការជាមួយសាកលវិទ្យាល័យអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) បានសិក្សាលើការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍ពីប្រទេសកម្ពុជា។ លទ្ធផលសិក្សាបានបង្ហាញថា ការលើកកម្ពស់ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នជាដំណោះស្រាយមានប្រសិទ្ធិភាពសម្រាប់ជនមានពិការភាព ព្រមទាំងផ្តល់អនុសាសន៍គន្លឹះនានាដល់អ្នកពាក់ព័ន្ធ។

លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ននៃអង្គការ Water Aid កម្ពុជា មានប្រសាសន៍ថា ការសិក្សាពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍កម្ពុជា បានធ្វើឡើងក្នុងគោលបំណងជួយកែលម្អការរួមបញ្ចូលពិការភាព ការបង្កើតគោលនយោបាយទឹកស្អាត និងអនាម័យដែលផ្សារភ្ជាប់នឹងសមភាពយេនឌ័រនៅប្រទេសដែលមានចំណូលទាប និងមធ្យម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអាចបញ្ជៀបគោលការណ៍ណែនាំស្តីពីទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ននៅក្នុងទ្រង់ទ្រាយធំ។

បន្ថែមលើនេះ លោកស្រី ផេង ប៉ារ៉ូហ្ស៊ីន បានបញ្ជាក់ថា របកគំហើញនៃការសិក្សាបានបង្ហាញថា លទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មទឹកស្អាតនិងអនាម័យសម្រាប់ជនមានពិការភាពនៅមានកម្រិតទាប ហើយមានតែព័ត៌មានតិចតួចប៉ុណ្ណោះដែលអ្នកថែទាំជនមានពិការភាពទទួលបានជំនួយ។
ប្រធានគម្រោងកម្មវិធីលើកកម្ពស់បរិយាប័ន្ននៃអង្គការ Water Aid កម្ពុជា បានឱ្យដឹងទៀតថា ការសិក្សាស្រាវជ្រាវខាងលើគឺជាការសិក្សាបែបគុណភាព ដោយជ្រើសរើសជនមានពិការភាពផ្សេងៗគ្នាមានចំនួន១៦ រូប អ្នកថែទាំជនមានពិការភាព០៤ រូប នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ព្រមទាំងជ្រើសរើសមន្ត្រីជំនាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ០៧ រូប និងតំណាងអង្គការដៃគូចំនួន១០ ដែលកំពុងធ្វើកិច្ចការលើកកម្ពស់បញ្ហាទឹកស្អាត អនាម័យ និងការងារពិការភាពនៅកម្ពុជា។ ការសិក្សាមានរយៈពេលពីរឆ្នាំ បានចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ចំណែកកញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យរបស់គម្រោងសិក្សា បាននិយាយថា លទ្ធផលសិក្សាបានរកឃើញថា ជនមានពិការភាពនៅតែជួបការលំបាកក្នុងការទទួលសេវាទឹកស្អាតនិងអនាម័យនៅក្នុងគ្រួសារ។ ស្ត្រីមានពិការភាពនៅជួបបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ ដែលចាត់ទុកជាជនងាយរងគ្រោះពិបាកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ។

លើសពីនេះ ជនមានពិការភាពជាច្រើនមិនបានលាងសម្អាតរាងកាយឱ្យបានញឹកញាប់តាមពួកគេចង់បាននោះទេ ជាពិសេសពឹងផ្អែកលើអ្នកថែទាំ ដូចជា សកម្មភាពងូតទឹក ការប្រើប្រាស់បន្ទប់ទឹក និងការបោកគក់សម្លៀកបំពាក់ជាដើម។
កញ្ញា ងួន សុភកណិកា បានលើកឡើងដូច្នេះថា “ក្រុមគោលដៅដែលបានផ្តល់សម្ភាសន៍បានលើកឡើងថា ពួកគេចង់បានបង្គន់ធំជាងនេះ ដើម្បីឱ្យរទេះរុញអាចចូលទៅក្នុងបន្ទប់ទឹក ហើយបន្ទប់ទឹកដែលប្រើប្រាស់កន្លងទៅពុំទាន់មានជម្រាលបង្កភាពងាយស្រួល។ មួយវិញទៀតពាក់ព័ន្ធនឹងបញ្ហាកង្វះខាតថវិកាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។”
ទន្ទឹមនឹងការបង្ហាញលទ្ធផលស្រាវជ្រាវខាងលើនេះដែរ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការគាំទ្រដល់ជនមានពិការភាពក្នុងវិស័យទឹកស្អាត និងអនាម័យ ពិតជាសំខាន់នឹងឆ្លើយតបទៅនឹងគោលនយោបាយលើកកម្ពស់ទឹកស្អាតនិងអនាម័យរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត លន់ សាយតេង បានបញ្ជាក់ថា “បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាការដាក់បញ្ចូលទឹកស្អាតនិងអនាម័យប្រកបដោយបរិយាប័ន្នសម្រាប់ជនមានពិការផាព ដោយសារជនមានពិការភាពជាក្រុមមនុស្សងាយរងគ្រោះ ហើយអាទិភាពសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យ គឺគ្រប់គ្នាត្រូវចូលរួមលើកគាំទ្រដល់ទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យប្រកដោយសមធម៌ យេនឌ័រ និងបរិយាប័ន្ន។”
ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុម័តគោលការណ៍ណែនាំជាតិស្ដីពីការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សម្រាប់ជនពិការភាពនិងមនុស្សចាស់នៅឆ្នាំ២០១៧ ដោយបានផ្សព្វផ្សាយ និងផ្ដល់ការកសាងសមត្ថភាពដល់អ្នកអនុវត្តក្នុងវិស័យទឹកស្អាតនិងអនាម័យ ដូចជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដែលកំពុងធ្វើការពាក់ព័ន្ធជាមួយវិស័យទឹកស្អាតនិងអនាម័យជាដើម៕



-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


