ព័ត៌មានជាតិ
ប្រគល់ផ្ទះ ១ខ្នង ជូនជនពិការភ្នែកទាំង ២ ដែលជួបការលំបាកខ្លាំង ដោយសារកូវីដ-១៩
លោកស្រី ប្រាក់ ថាវៈភារី សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ តំណាងឲ្យលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះថ្មី ១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤x៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ហេង គន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង រស់នៅភូមិព្រែកអញ្ចាញ ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
តាមសេចក្តីរាយការណ៍របស់លោក បាន វុត្ថា ប្រធានសាខាមូលនិធិជនពិការរាជធានីភ្នំពេញ បានឲ្យដឹងថា ជនពិការនេះមានឈ្មោះ ហេង គន្ធា ភេទប្រុស អាយុ ៣៧ មានពិការភាពពិការភ្នែកទាំងសងខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងឆ្នាំ ១៩៩៤ មានប្រពន្ធឈ្មោះ សាយ គ្រឹស្នា អាយុ២៤ឆ្នាំ។
បច្ចុប្បន្នគាត់មានមុខរបរ ជាអ្នកចំរៀងរបស់សមាគមន៍តន្ត្រីសំនៀងជនពិការ ដែលកន្លងមកគាត់ដើរសុំគេច្រៀងតាមរោងការ បានប្រាក់បន្តិចបន្ទួចសម្រាប់ចិញ្ចឹមជីវិត តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ធ្វើឲ្យគាត់បាត់បង់ចំណូលស្ទើរតែទាំងស្រុង។ បច្ចុប្បន្នជនពិការរូបនេះ ទទួលបានការស្នាក់នៅបណ្តោះអាសន្ន ក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ដែលនៅទីនោះ គាត់ទទួលបានការផ្គត់ផ្គង់ជាការស្នាក់នៅ និងអាហារ។
គាត់និងភរិយាមានដី ១កន្លែងនៅភូមិព្រែកអញ្ចាញ ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ តែមិនមានលទ្ធភាពក្នុងការសាងសង់ផ្ទះទេ ដោយគោលដៅជីវិតរបស់គាត់ ក្រៅពីរបរច្រៀងតាមរោងការ គឺគាត់ចង់មានផ្ទះ ១ខ្នង និងរកស៊ីលក់ដូរបន្តិចបន្ទួចនៅទីនោះ ដើម្បីបង្កើនចំណូល និងមានទីជម្រកផ្ទាល់ខ្លួនដូចគេឯង។ ដោយពិនិត្យឃើញ នូវទុកលំបាករបស់ជនពិការរូបនេះ សាខាមូលនិធិជនពិការរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី ធ្វើការកសាងឯកសារមកមូលនិធិជនពិការ ដើម្បីស្នើសុំផ្ទះ ១ខ្នងជូនគាត់។
លោកស្រី ប្រាក់ ថាវៈភារី សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការបានថ្លែងថា ជំនួសមុខឲ្យលោកប្រធានក្រុមប្រឹក្សាភិបាលនៃម.ជ.ព. «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រ តាមសហគមន៍នេះ ពិតជាបានជួយរំលែកទុកលំបាក ក្នុងការរស់នៅ និងបានលើកកម្ពស់គុណភាពជីវិត របស់គ្រួសារជនពិការខាងលើ ឲ្យកាន់តែប្រសើរប្រាកដមែន»។
ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណ ដល់សាខាម.ជ.ព.រាជធានី និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ សហការស្វែករកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធ ជូនម.ជ.ព. ក៏ដូចជាចូលរួមចាក់ដីបំពេញ សម្រាប់ដំណើរការសាងសង់ផងដែរ។ លោកស្រីបានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា និងព្យាយាមកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព ឲ្យកាន់តែប្រសើរឡើង។ ផ្ទះដែលម.ជ.ព.សាងសង់ជូននេះ គឺជាការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សំដៅដល់ការចូលរួមជួយដល់ជនពិការដែលជួបទុកលំបាក ដូច្នេះសមិទ្ធផលដែលមានក្នុងថ្ងៃនេះ សូមលោក ហេង គន្ធា មេត្តាជួយថែទាំផ្ទះ១ខ្នងនេះឲ្យបាននៅគង់វង្សយូរអង្វែងតទៅ។
ជនពិការម្ចាស់ផ្ទះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈមូលនិធិជនពិការ ដែលបានផ្តល់ផ្ទះ ១ខ្នងនេះដល់គាត់ ដែលកន្លងមកនេះគាត់ឃើញថា ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ ដល់បងប្អូនជនពិការ តាមរយៈការឧបត្ថម្ភជាសាច់ប្រាក់ ការគាំទ្រជាស្បៀងអាហារ ការគាំទ្រជាសម្ភារៈតន្រ្តី ហើយពេលនេះមានការគាំទ្រផ្តល់ជាផ្ទះ ១ខ្នងផងដែរ ដែលនេះពិតជាមិនអាចកាត់ថ្លៃបានទេ។
ក្នុងពិធីនេះដែរ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌ របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការ ដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន ១០ម៉ឺនរៀល អង្ករ ២៥គីឡូក្រោម ត្រីខ ២យួរ ទឹកស៊ីវអ៊ីវ ១យួរ ទឹកត្រី ១យួរ អំបិល ២កញ្ចប់ និងមី ១កេស ជាមួយគ្នានេះ លោកស្រី ប្រាក់ ថាវៈភារី ក៏បានឧបត្ថម្ភបន្ថែម នូវថវិកាមួយចំនួនទៀត ជូនដល់គ្រួសារជនពិការខាងលើ ដើម្បីទិញសម្ភារៈប្រើប្រាស់មួយចំនួន ផងដែរ៕
អត្ថបទ៖ វិមាន



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


