Connect with us

ព័ត៌មានជាតិ

លោក អ៊ុច បូររិទ្ធ ពីអ្នកបកប្រែភាសាបារាំង ក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស

បានផុស

នៅ

លោក អ៊ុច បូររិទ្ធ បច្ចុប្បន្នកំពុងកាន់មុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ មុនក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោកធ្លាប់កាន់តួនាទី និងការងារជាច្រើនលើកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលអាចចាត់ទុកបានថា ជាអ្នកការទូតចាស់វស្សារបស់កម្ពុជាមួយរូប។ តើអ្នកការទូតចាស់វស្សារូបនេះ ធ្លាប់កាន់ការងារ និងតួនាទីអ្វីខ្លះ លើវិស័យការទូត? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកនូវប្រវត្តិការងាររបស់លោក ដូចខាងក្រោម ៖  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុច បូររិទ្ធ ជាអតីតនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ រាជធានីភ្នំពេញ នៅចន្លោះឆ្នាំ១៩៧១-១៩៧៥ និងបានបញ្ចប់សញ្ញាបត្រក្រោយឧត្តមសិក្សានៅវិទ្យាស្ថានសង្គមវិទ្យា ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៨១។ ចំពោះភាសាបរទេស លោក អ៊ុច បូររិទ្ធ ចេះអង់គ្លេស និងបារាំង។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោក អ៊ុច បូររិទ្ធ បានចូលបម្រើការងារជាអ្នកបកប្រែភាសាបារាំង នៅក្រសួងការបរទេសកម្ពុជា និងកាន់តួនាទីជាប្រធាននាយកដ្ឋានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិ បាល នៅចន្លោះឆ្នាំ១៩៨០-១៩៨៣។ នៅឆ្នាំ១៩៨៣ លោក ត្រូវបានចាត់តាំងជាទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី ទទួលបន្ទុកកិច្ចការនយោបាយ។ ក្រោយចប់បេសកកម្មការងារនៅរុស្ស៊ី ឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងប៉ាស៊ីហ្វីក នៃក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចការបន្ទាប់របស់លោក អ៊ុច បូររិទ្ធ គឺជាមន្ត្រីការទូតតំណាងកម្ពុជានៅបរទេស រួមមាន នៅឆ្នាំ១៩៩០-១៩៩២ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅឆ្នាំ១៩៩២-១៩៩៣ ជាឯកអគ្គរាជទូត និងជាភារធារីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣-១៩៩៧ ជាឯកអគ្គរាជទូត​​​​ និងជាអនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៨-២០០៤ ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។

ក្រោយបញ្ចប់អាណត្តិការងារនៅក្រៅប្រទេសប្រមាណជាង ១៤ឆ្នាំ លោក អ៊ុច បូររិទ្ធ បានវិលចូលប្រទេសវិញ ហើយត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាសម្តេចតេ​ជោ ហ៊ុន សែន។ នៅក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេសនេះដែរ លោក អ៊ុច បូររិទ្ធ ទទួលបន្ទុកការងារសំខាន់ៗមួយចំនួន ដូចជា អនុប្រធាន​ក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញវិនិយោគអាទិភាពរួមរវាងកម្ពុជា-រុស្ស៊ី ជាសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ជាអនុប្រធានគណៈកម្មការបំផ្លាញសារធាតុអាវុធគីមី កាកសំណល់សង្រ្គាម ជា​អនុប្រធាន​គណៈកម្មការទទួលបន្ទុកសហប្រតិបតិ្តការអន្តរជាតិនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ​ និង​បណ្តាប្រទេស​ផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ជាដើម។  

ដោយផ្អែកលើបទពិសោធការងារប្រកបដោយសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារមិនខ្លាចនឿយហត់សម្រាប់ជាតិមាតុភូមិ លោក អ៊ុច បូររិទ្ធ ត្រូវបានតែងតាំងមុខតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទន្ទឹមគ្នានេះ ស្ថិតក្នុងបរិបទកូវីដ១៩ លោកក៏ត្រូវបានចាត់តាំងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជាសមាជិកគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម