ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ការងារសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយស្ថាប័នស៊ីវិល បានរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិឲ្យបានកាន់តែរឹងមាំ។

ការលើកឡើងខាងលើនេះ ខណៈឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ ២០២១, ឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ។

ឯកឧត្ដមអគ្គមេបញ្ជាការរង បានថ្លែងថា ការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ បានស្តែងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារ សម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅក្នុងការពង្រឹងប្រសិទ្ធភាព នៃការងារសម្ព័ន្ធមេត្រីភាព តាមរយៈការរៀបចំឲ្យមានការជួបប្រជុំពិភាក្សាចែករំលែក និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការបូកសរុបវាយតម្លៃចំពោះបទពិសោធន៍ និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ដោយរកឲ្យឃើញចំណុចខ្លាំង-ខ្សោយ ការលំបាក និងបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាតម្រង់ទិសឲ្យចំគោលដៅ និងឆ្លើយតបឲ្យបានត្រូវ នឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់អង្គភាពទ័ព។

ឯកឧត្ដមបានថ្លែងបន្តថា ទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះការលំបាក ដោយបានខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ហើយសម្ព័ន្ធមេត្រីភាពដែលកងយោធពលខេមរភូមិន្ទ ពុំអាចបំភ្លេចបាននោះ គឺការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងបានផ្តល់ជំនួយឧបត្ថម្ភ ជួយដល់បណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិន តាំងពីដើមរៀងមកដោយឥតមានចន្លោះពេល។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែរឹងមាំ។

ពិតណាស់ បណ្តាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធជាតិកន្លងមក សុទ្ធតែមានការឧបត្ថម្ភគាំទ្រចូលរួមចំណែកដោយផ្ទាល់ របស់កម្លាំងមហាជនពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ, ការរួមចំណែកកសាងអភិវឌ្ឍជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងទៅនេះ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតសម្រេចបានជោគជ័យគួរជាមោទនៈផងដែរ។

ឯកឧត្ដម បានលើកឡើងបន្តថា ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។

ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឲ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឲ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្ម ក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឲ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ព ដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផល ក្នុងទីផ្សារឲ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ។

ទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យកសិកម្ម។ ដូច្នេះដើម្បីជំរុញការងារនេះ គឺទាមទារចាំបាច់ឲ្យមានកិច្ចសហការជិតស្និទ្ធ និងការសម្របសម្រួលអនុវត្ត ដោយមានយន្តការច្បាស់លាស់ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ, កងទ័ព និងអង្គភាព-ស្ថាប័នស៊ីវិលជាដៃគូសម្ព័ន្ធមេត្រីភាព ជាពិសេសការចូលរួមរបស់ផ្នែកឯកជន។ ពិតណាស់ ក្រៅពីការជួយដល់ការបង្កើនលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព កិច្ចការនេះ ក៏អាចផ្តល់ផលប្រយោជន៍ផងដែរទៅដល់ប្រជាជនទូទៅ តាមរយៈការបង្កើនទីផ្សារក្នុងស្រុក, ការជំរុញការនាំចេញ និងការបង្កើតបែបផែននៃសេដ្ឋកិច្ចមាត្រដ្ឋាន។
ជាចុងក្រោយ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពទ័ព ក្រសួង-ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ។ ក្នុងនោះ ឯកឧត្ដម ក៏បានអំពាវនាវលើកទឹកចិត្តឲ្យបន្តចូលរួមចំណែក អនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឲ្យបានសកម្មបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកងយោធពលខេមរភូមិន្ទ បម្រើឲ្យគុណប្រយោជន៍ និងយុទ្ធសាស្ត្រយូរអង្វែង នៃ កិច្ចការ ការពារជាតិ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


