ព័ត៌មានជាតិ
បង្ហើបតម្រុយសិស្ស គួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល
ខណៈដែលសិស្សានុសិស្សបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ និងកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន និងក៏កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាត្រូវធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះជាការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។

មានជំនាញជាច្រើនសម្រាប់ការជ្រើសរើសសិក្សាដូចជា គ្រប់គ្រង គណនេយ្យ វិស្វករ ទេសចរណ៍ក៏ដូចជាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជាវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លោដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Block Chain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម ប៉ុន្តែមិនទាន់មានមូលដ្ឋានច្បាស់ក្នុងការសម្រេចចិត្តនៅឡើយ។

យ៉ាងណាមិញ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានធ្វើការស្រាវជ្រាវនិងជំរុញឲ្យសិស្សពិចារណាលើការសិក្សាមុខជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល។ តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល។
១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើន
បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះមានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើននាំឱ្យក្រុមហ៊ុននិងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើសយកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញសន្ដិសុខសាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាដើម។
២.បើកអាជីវកម្មដោយខ្លួនឯង
សព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះអ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។
៣.មានការផ្តល់អាហារូបករណ៍ជាច្រើន
ដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ជូនការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល ដល់សិស្សឆ្នើមចំនួន 150នាក់ជារៀងរាល់ឆ្នាំ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដោយនិស្សិតអាហារូបករណ៍ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភលើការស្នាក់នៅ និងហូបចុកសម្រាប់រយៈពេល៤ឆ្នាំ។ ក្រៅពីនេះ មានអាហារូបករណ៍ក្នុងនិងក្រៅប្រទេសជាច្រើនទៀត ដែលបានផ្តល់ជូនជាបន្តបន្ទាប់សម្រាប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។

៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន
ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជាភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ ហើយមុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា។

៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យមានវឌ្ឍនភាពឈានឡើង
បច្ចេកវិទ្យាឌីជីថលបានដើរតួយ៉ាងសកម្មក្នុងការប្រែក្លាយនិងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត។ សមិទ្ធផលសំខាន់ដែលយើងបានប្រើប្រាស់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ត្រូវអរគុណដល់គំនិតដ៏អស្ចារ្យរបស់និស្សិតបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលពួកគាត់បានប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកទេសបង្កើតឧបករណ៍និងកម្មវិធីជាច្រើនដែលជួយសម្រួលដល់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងប្រចាំថ្ងៃ។ ក្នុងន័យនេះក្រោយបញ្ចប់ការ សិក្សានិស្សិតអាចប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យមានវឌ្ឍនភាពឈានឡើង ព្រមទាំងកសាងសង្គមស៊ីវីល័យស្របតាមនិន្នាការតំបន់និងសកល៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


