ព័ត៌មានជាតិ
នាយកមន្ទីរពេទ្យកុមារជាតិ ស្នើសមាជិកសភាកូរ៉េជួយជំរុញគម្រោងសាងសង់អគារថ្មីកម្ពស់៥ជាន់ឱ្យបានលឿន
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងជាទីប្រឹក្សាអមក្រសួងសុខាភិបាលបានស្នើឱ្យសមាជិកសភាសាធារណរដ្ឋកូរ៉េ ជួយជំរុញគម្រោងសាងសង់អគារថ្មីកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារអាមេរិក ឱ្យបានលឿនដើម្បីឱ្យមន្ទីរពេទ្យមានលទ្ធភាពបើកសេវាព្យាបាលជំងឺថ្មីៗបន្ថែមទៀតជូនដល់កុមារ។

ការស្នើសុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ក្នុងឱកាសគណៈប្រតិភូសភាមកពីសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក អ៊ី អ៊ីងយ៉ុន ប្រធានផ្នែកសម្ព័ន្ធសមាជិកសភាកូរ៉េសម្រាប់កុមារប្រជាជន និងបរិស្ថាន បានអញ្ជើញមកចុះត្រួតពិនិត្យពីសមិទ្ធផលនានាដែលកូរ៉េបានផ្តល់ឱ្យកម្ពុជា ពិសេសនៅមន្ទីរពេទ្យកុមារជាតិ។ លោកនាយកមន្ទីរពេទ្យបានមានប្រសាសន៍ថា តាមគម្រោងអគារថ្មីកម្ពស់៥ជាន់មានទំហំជាង៩ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ ដោយចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក បូកទាំងការសាងសង់អគារការបណ្តុះបណ្តាលបំពាក់សម្ភារបរិក្ខាពេទ្យ និងសម្ភារសម្រាប់អ្នកជំងឺ។

លោកសាស្ត្រាចារ្យបានបន្តថា នេះជាអគារទី២ហើយដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១មានកម្ពស់៣ជាន់ ដោយបានសាងសង់នៅឆ្នាំ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ២០១៩។ បន្ទាប់មកទៀតដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញនៅឆ្នាំ២០១៣ និងដាក់ដំណើរការនៅឆ្នាំ២០១៦។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្រៅពីនេះមន្ទីរពេទ្យក៏ទទួលបានការជួយពីអង្គការរបស់កូរ៉េទៅលើការរៀបចំការបណ្តុះបណ្តាលដល់គ្រូពេទ្យមកពីតាមបណ្តាលខេត្តផ្សេងៗលើផ្នែកជំងឺទារកនិងជួយលើជំងឺផ្នែកស្តារលទ្ធភាពពលកម្ម។
លោកសាស្ត្រាចារ្យបានបន្ថែមថា ការជួយគាំទ្ររបស់កូរ៉េនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរូមចំណែកលើកកម្ពស់គុណភាពសេវារបស់មន្ទីរពេទ្យកុមារជាតិឱ្យកាន់តែប្រសើរដោយមានការបែងចែងជំងឺឯកទេសច្បាស់លាស់ដូចជាជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ជំងឺមហារីក ឈាម សួត ក្រពះ ពោះវៀន ដូចមនុស្សចាស់ដែរដែលគ្រោងបើកនៅពេលខាងមុខខណៈពីមុនមន្ទីរពេទ្យព្យាបាលជំងឺកុមារទូទៅដោយមិនមានការបែងចែកជាឯកទេសកុមារផ្សេងៗទេ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា នៅពេលដែលអគារថ្មីនេះសាងសង់រួចរាល់នឹងជួយឱ្យមន្ទីរពេទ្យអាចមានលទ្ធភាពពង្រីកឯកទេសកាន់តែទូលំទូលាយជាងមុននិងកាន់តែមានគុណភាពបន្ថែមទៀតពិសេសក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកកុមារមកពីតាមបណ្តាខេត្តនិងនិស្សិតមកពីតាមមហាវិទ្យាល័យនានាដើម្បីឱ្យ
ពួកគេកាន់តែមានចំណេះជំនាញខ្ពស់ក្នុងការព្យាបាលជំងឺជូនកុមារកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀតខណៈបច្ចុប្បន្នជាមធ្យមមានអ្នកជំងឺមកពិគ្រោះជំងឺប្រមាណពី៥០០ទៅ៦០០នាក់និងមានអ្នកជំងឺសម្រាកពេទ្យពី៣៥០ទៅ៤០០នាក់ក្នុង១ថ្ងៃ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


