ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ប្រើប្រាស់គោលការណ៍ “រក្សាចាស់ បង្កើតថ្មី” ដើម្បីដឹកនាំការអភិវឌ្ឍនៅក្នុងខេត្ត
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រយៈពេលនៃការកាន់តំណែង៣ឆ្នាំមកនេះ គឺលោកមានបញ្ហាប្រឈមជាច្រើន ដូចជា ការបាក់ច្រាំងទន្លេ និងបញ្ហាកូវីដ-១៩ ដែលប៉ះពាល់ដល់ប្រជាជន។ ដូច្នេះ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះបានល្អ លោកបានប្រើនូវគោលការណ៍ “រក្សាចាស់ បង្កើតថ្មី” ដើម្បីបម្រើ និងដោះស្រាយជូនដល់ប្រជាពលរដ្ឋជាង ១លាននាក់នៅខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា “រក្សាចាស់ បង្កើតថ្មី” គឺជាការរក្សានូវសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនៗឱ្យបានគង់វង្ស រួចបង្កើតនូវសមិទ្ធផលថ្មី ដោយខិតខំស្វែងរកដៃគូ ដើម្បីជួយជ្រោមជ្រែងឱ្យការអភិវឌ្ឍមានភាពរីកចម្រើនទៅមុខបាន។ គោលការណ៍នេះ មិនខុសពីការអភិរក្ស និងអភិវឌ្ឍឡើយ ពោល គឺត្រូវធ្វើឱ្យសមិទ្ធផលមួយលេចចេញជារូបរាង ក្រោមការឯកភាពនៃរដ្ឋបាលខេត្ត ដើម្បីជួយគ្នាសម្រេចបាននូវសមិទ្ធផលរួមមួយ និងជួយដោះស្រាយបញ្ហាផ្សេងៗ ព្រោះមនុស្សម្នាក់មិនអាចដោះស្រាយបញ្ហាបានឡើយ គឺត្រូវការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។

អ្វីដែលលោកអភិបាលខេត្តកំពង់ចាមកំពុងធ្វើនេះ គឺរូបលោកបានដកស្រង់តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តោតលើការងារ ៤ចំណុចសំខាន់ៗ គឺបញ្ហាមនុស្ស បញ្ហាផ្លូវ បញ្ហាភ្លើង បញ្ហាទឹក ដែលសុទ្ធតែជាបញ្ហាចាំបាច់ និងត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ។
ជាក់ស្តែង ចំពោះបញ្ហាមនុស្ស គឺត្រូវធ្វើយ៉ាងណាត្រូវពង្រឹងមូលដ្ឋាន និងបណ្តុះបណ្តាលនៃធនធានឱ្យបានល្អ ដើម្បីអាចឱ្យយុវជនជំនាន់ក្រោយមានការអប់រំខ្ពស់ ព្រមទាំងអាចមានសមត្ថភាពទៅប្រកួតនៅលើឆាកជាតិ និងអន្តរជាតិ។ រីឯ បញ្ហាផ្លូវថ្នល់វិញ រយៈពេល៣ឆ្នាំនៃការកាន់តំណែងជាអភិបាលខេត្តកំពង់ចាមនេះ លោក អ៊ុន ចាន់ដា បានអភិវឌ្ឍផ្លូវថ្នល់យ៉ាងច្រើន មិនតិចជាង ១០០គីឡូម៉ែត្រឡើយ ដើម្បីបំពេញតម្រូវការចាំបាច់របស់ប្រជាជន។ ចំណែក វិស័យទឹកស្អាត និងអគ្គិសនីវិញ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ស្ទើរតែ១០០% បានទទួលនូវសេវាកម្មនេះ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា។

សម្រាប់ទស្សនវិស័យរបស់លោកក្នុងការដឹកនាំខេត្តមួយនេះ គឺលោកត្រូវធ្វើការទៅលើការងារចំនួន៣ ដែលសំខាន់។ ទី១ ពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទី២ ប្រឹងប្រែងដោះស្រាយនូវបញ្ហាទំនាស់នានាដែលកើតមានរបស់ប្រជាជន។ ទី៣ ផ្លាស់ប្តូរឥរិយាបថមន្ត្រីមួយចំនួន គឺធ្វើយ៉ាងណាឱ្យមន្រ្តីគ្រប់រូបដោះស្រាយបញ្ហាឱ្យប្រជាជនដោយមិនគិតពីប្រយោជន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់។
ត្រង់ចំណុចនេះ លោក អ៊ុន ចាន់ដា លើកឡើងថា លោកក៏ធ្លាប់បើកវគ្គបណ្តុះបណ្តាលសម្រាប់ណែនាំដល់មន្ត្រីគ្រប់រូប ឱ្យបានដឹងពីតួនាទីរបស់ខ្លួនកាន់តែច្បាស់លាស់ ខិតខំបម្រើតាមសេចក្តីត្រូវការដល់ប្រជាជនកាន់តែខ្លាំងក្លាបន្ថែមទៀត។ ជាលទ្ធផល មន្ត្រីមួយចំនួនពិតជាបានយល់ច្បាស់ និងកែប្រែឥរិយាបថរបស់ខ្លួនបានប្រសើរឡើងប្រាកដមែន។
សូមជម្រាបថា លោក អ៊ុន ចាន់ដា ត្រូវបានផ្ទេរតំណែងពីអភិបាលខេត្តព្រះវិហារ មកកាន់តំណែងជាអភិបាលខេត្តកំពង់ចាម បន្តពីលោក គួច ចំរើន តាំងពីឆ្នាំ ២០១៩។ តាំងពីនោះមក លោក អ៊ុន ចាន់ដា បានធ្វើឱ្យខេត្តកំពង់ចាម កាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


