ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ វិធានការលើលោក ថាច់ សេដ្ឋា ជាការអនុវត្តច្បាប់សុទ្ធសាធ ទោះលោកជាអ្នកនយោបាយក៏ដោយ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តច្បាប់សុទ្ធសាធ មិនអាចនិយាយថា ជារឿងនយោបាយនោះឡើយ។

ការអះអាងនេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងអ្នកនយោបាយ នៃគណបក្សប្រឆាំងមួយចំនួនទៀត បាននិយាយថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះថា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ដោយទៅលើសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តច្បាប់សុទ្ធសាធ ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ទោះបីជាជនត្រូវចោទជាអ្នកនយោបាយ ក៏ដោយ។
លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែមករានេះថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា គឺបន្ទាប់មានបណ្ដឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់។ «ដំណើរការនីតិវិធីរបស់តុលាការ គឺតាំងពីឆ្នាំ ២០១៩មកម្លេះ ហើយក្នុងនោះ ការចេញដីកាឲ្យចូលខ្លួនចំនួន ២ដង ហើយគាត់មិនព្រមចូលខ្លួនតាមការកោះរបស់តុលាការ ចឹងហើយទើបមានការចេញដីកានាំខ្លួននៅលើកទី ៣នេះ ហើយក្រោយពីការសួរនាំ ពិនិត្យមើលទៅលើអង្គហេតុនៃសំណុំរឿងនេះទៅ បានឈានដល់ការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន»។ នេះជាការឲ្យដឹងបន្ថែបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោករដ្ឋលេខាធិការ ជិន ម៉ាលីន បានបញ្ជាក់ថា វិធានការទៅលើអនុប្រធានគណបក្សភ្លើងទៀនមួយរូប គឺលោក ថាច់ សេដ្ឋា គឺជាការអនុវត្តច្បាប់សុទ្ធសាធ។ ដូច្នេះ ដើម្បីការពារខ្លួនបាន គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការទេ ដោយអាចរកមេធាវី ភស្ដុតាង សក្ខីកម្ម និងមូលដ្ឋានច្បាប់ឲ្យបានរឹង ដើម្បីដោះបន្ទុកតាមផ្លូវច្បាប់។
ប៉ុន្តែប្រសិនបើគ្រាន់តែយកលេសថា ជារឿងនយោបាយ ឬជាការគំរាមកំហែងនោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានតាមផ្លូវច្បាប់ ក្នុងការការពារខ្លួននោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដដែល។
គួររំលឹកថា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ។
បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៩។
បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១“ព្រ.ទ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។
រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣៕
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


