Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់ទិសដៅ​លុប​​បំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេត្រឹម​ឆ្នាំ ២០៣០

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ​ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាប្រធានក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើមបានមាន​ប្រសាសន៍នៅព្រឹកថ្ងៃទី៤កម្ភៈនេះថា ក្រសួងសុខាភិបាលបានដាក់ទិសដៅលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិង​សេនៅឆ្នាំ២០៣០ខាងមុខ ស្របទៅតាមផែនការរបស់អង្គការសុខភាពពិភពលោក។

ការប្តេជ្ញាលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខនេះ ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រមួយចំនួនក្នុងនោះរួមមាន ការអប់រំផ្សព្វផ្សាយអំពីការបង្ការនិងរបៀបឆ្លងជំងឺរលាកថ្លើមប្រភេទបេនិងសេ​ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងលើកទឹកចិត្តឲ្យ​មកប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមណ្ឌសុខភាពមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះយើងមានសម្ភារមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តអ្នកជំងឺរកជំងឺថ្លើមប្រភេទបេនិងសេដោយធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើតនិងតាមដានការវិវត្តនៃជំងឺនិងការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលជំងឺ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា លើសពីនេះយើងត្រូវពង្រឹងធនធានមនុស្សក្នុងការពិនិត្យ និងព្យាបាលជំងឺរលាកថ្លើមប្រភេទសេនិងបេនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងពង្រឹងវិភាគទិន្នន័យក៏ដូចជាការគ្រប់គ្រង់ទិន្នន័យឱ្យបានល្អ ដើម្បីទទួលបានព័ត៍មានបានគ្រប់ជ្រុងជ្រោយសម្រាប់អនុវត្តលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេទៅតាមជំហានៗនិងអនុវត្តការងារជាបន្តបន្ទាប់។

លោក វេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងនឹងធ្វើការសហការជាមួយដៃគូពាក់ព័ន្ធដើម្បីស្វែងរកឱសថព្យាបាលអ្នកជំងឺ​ឱ្យ​សមស្របនិងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តការកៀគរជាមួយវិស័យឯកជនិងវិស័យសាធារណៈ​ដើម្បីធ្វើយ៉ាងណាឱ្យការងារលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងក៏នឹងបង្កើតឱ្យមានប្រព័ន្ធតាមដានសម្រាប់ឃ្លាំមើលសកម្មភាពការលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ដើម្បីធ្វើការវាយតម្លៃការងារដែលបានអនុវត្តនៅឆ្នាំបន្តបន្ទាប់ផងដែរ។

ចំណែកលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា ក្រសួងបានតាំងចិត្តជួយដល់កម្មវិធីជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ធ្វើណាឱ្យផែនការគ្របដណ្តប់សកម្មភាពក្នុងការលប់បំបាត់ជំងឺនេះចូលទៅក្នុងសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៃកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងនិងមិនឆ្លង។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថានៅពេលដែលក្រសួងដាក់បញ្ចូលទៅក្នុងកម្មវិធីហើយយើងមានអនុកម្មវិធីចុះទៅអប់រំប្រជាពលរដ្ឋនិងផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋបានយល់ដឹង។

ជាមួយគ្នានេះដែរដើម្បីឆ្លើយតបនឹងបញ្ហានេះក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមានការបង្កើតឱ្យមានក្រុមការងារបច្ចេកទេសសម្រាប់អនុម័តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើមបេនិងសេនិងបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម។ ចំណែកឱសថព្យាបាលជំងឺរលាកថ្លើមដោយវារស់ប្រភេទបេនិងសរសេរក៏ត្រូវបានដាក់ចូលក្នុងបញ្ជីឱសថសាវ័ន្តឆ្នាំ២០១៨ផងដែរ។

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេគឺមាន ៣ ភាគរយស្មើនឹង៤៧ម៉ឺន៥ពាន់នាក់ ក្នុងនោះមានអ្នកជំងឺស្លាប់ប្រចាំឆ្នាំប្រមាណ៣៦០៥នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន១,៦ភាគរយស្មើនឹង២៥ម៉ឺន៧ពាន់នាក់ក្នុងនោះមានអ្នកស្លាប់ប្រចាំឆ្នាំប្រមាណ២៩៧៦នាក់។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានពន្យល់ថា ជំងឺថ្លើមប្រភេទសេនិងបេនេះភាគច្រើនឆ្លងតាមឈាមនិងការរួមភេទតាមរយៈការចាក់ថ្នាំឬបញ្ចូលឈាមដោយមិនមានសុវត្តិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថាមានការឆ្លងតាមចំណីអាហារតែមិនមានភស្តុតាងណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។

យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យហើយពេលបរិភោគអាហារគួរតែកុំប្រើការដួសសម្លរួមគ្នាត្រូវដាក់វែកដូសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀតដែលឆ្លងតាមចំណីអាហារក្រៅពីជំងឺថ្លើមប្រភេទសេនិងបេដើម្បីការពារសុខភាពយើងទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋ គួរតែទៅធ្វើតេស្តជំងឺរលាកថ្លើមប្រភេទបេនិងសេតាមរយៈធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាបើទុកយូរអាចប្រឈមទៅជាជំងឺរ៉ាំរ៉ៃដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើមនិងមហារីក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម