Connect with us

ព័ត៌មានជាតិ

កុមារនៅខេត្តព្រៃវែងស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1 សង្ស័យឆ្លងមកពីសត្វព្រៃ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានមានប្រសាសន៍កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈថា ករណីកុមារីអាយុ ១១ ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្ដាសាយបក្សី H5N1 សង្ស័យឆ្លងមកពីសត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា «យើងនឹងអង្កេតជាបន្តទៀតថាតើកុមារីឆ្លងជំងឺនឹងឆ្លងប្រភពមកពីណាហើយនរណា​ទៀត​ឈឺត្រូវយកឈាម និងសំណាកទៅមើលជាបន្តទៀត និងរង់ចាំលទ្ធផលពីពេទ្យសត្វទាំងពេទ្យសត្វស្រុក និងសត្វព្រៃទៀតតែសំខាន់ឃើញថាសត្វព្រៃងាប់ខុសពីធម្មតា។ អីចឹងយើងសង្ស័យគាត់អាចប៉ះពាល់សត្វព្រៃទើបធ្វើឱ្យគាត់ឆ្លងបាន»។

បើតាម​នាយកដ្ឋាន​ប្រយុទ្ធ និង​ជំងឺឆ្លងបានឲ្យដឹងថា កុមារីស្លាប់ដោយសារ​ជំងឺ​ផ្ដាសាយបក្សី​ H5N1 បាន​ចាប់​ផ្តើ​ម​ឈឺ​នៅ​ថ្ងៃទី ​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ ៣៩​ អង្សា​ ព្រមទាំង​មាន​ក្អក និងឈឺ​ក។

ក្រោយ​ព្យាបាល​នៅ​មូលដ្ឋាន​មិន​ធូរស្រាលដោយ​កុមារី​ចាប់​ផ្តើ​ម​ហត់​ក៏​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ភ្នំពេញ។

នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​២០២៣ គ្រូពេទ្យ​ព្យាបាល​បាន​យក​វត្ថុ​សំណាក​ផ្ញើមក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ រួច​ទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ​: ឆ្នាំ​២០២៣ បញ្ជាក់​មាន​វិជ្ជមាន មេរោគ​ផ្តាសាយ​បក្សី H5N1។

នាយកដ្ឋាន​ប្រយុទ្ធ និង​ជំងឺឆ្លងបាន​សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋ​កុំ​ប៉ះពាល់​សត្វ​ឈឺ​ ឬ​ងាប់ទាំង​សត្វ​បក្សី​ស្រុក​និង​បក្សី​ព្រៃ ប្រសិនបើ​មាន​ករណី​សង្ស័យ​សូម​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ ឬ​រាយការណ៍​ទៅ​លេខ ១១៥៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម