ព័ត៌មានជាតិ
ស្ត្រីអាយុ ៤១ ឆ្នាំ ឆ្លងជំងឺផ្ដាសាយបក្សីធ្ងន់ធ្ងរ កំពុងស្ថិតក្រោមការថែទាំ យកចិត្តទុកដាក់ពីគ្រូពេទ្យ
ស្ត្រីអាយុ ៤១ ឆ្នាំ រស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានឆ្លងជំងឺផ្តាសាយបក្សី កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ហើយមានសភាពជំងឺធ្ងន់ធ្ងរ នៅតែស្ថិតនៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ២៥ មិថុនា ថា បច្ចុប្បន្ន អ្នកជំងឺនៅតែស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុតពីសំណាក់ក្រុមគ្រូពេទ្យ។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺមានរោគសញ្ញា គ្រុនក្ដៅ ក្អកហត់ និងពិបាកដកដង្ហើម បន្ទាប់ពីបានកាន់ និងប៉ះពាល់មាន់ឈឺ និងងាប់ រួចយកមកធ្វើម្ហូបទទួលទាន ៥ ថ្ងៃមុនថ្ងៃដែលអ្នកជំងឺចាប់ផ្ដើមឈឺ។

ក្រសួងសុខាភិបាល តែងតែក្រើនរំលឹកម្តងហើយម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក៏សូមជម្រាបដល់ពលរដ្ឋ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង ១៤ ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ។
យោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា រយៈពេលជិត ៦ ខែនេះ កម្ពុជា មានអ្នកស្លាប់ចំនួន ៥ នាក់ និងឈឺ ២ នាក់ ដោយសារជំងឺផ្តាសាយបក្សី។
អ្នកស្លាប់ចំនួន ៥ នាក់ ក្នុងនោះ មានកុមារអាយុក្រោម ១២ ឆ្នាំ ចំនួន ៣ នាក់ និង ២ នាក់ ជាមនុស្សពេញវ័យរួមមាន បុរសអាយុ ២៨ ឆ្នាំ រស់នៅភូមិទី ២២ ឃុំចំការអណ្តូង ស្រុកចំការ ខេត្តកំពង់ចាម បានស្លាប់នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ កុមារាអាយុ ២ ឆ្នាំ ៧ ខែ រស់នៅភូមិតាង៉ក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ កុមារាអាយុ ៣ ឆ្នាំ ៦ ខែ រស់នៅភូមិព្រែកតាអាំ ឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥។ កុមារាអាយុ ១១ ឆ្នាំ រស់នៅភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ និងបុរសអាយុ ៥២ ឆ្នាំ រស់នៅភូមិប្រសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានស្លាប់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។
ចំណែកអ្នកឈឺ ២ នាក់ទៀត រួមមាន ស្ត្រីអាយុ ៦៥ ឆ្នាំ រស់នៅភូមិក្រាំងអំពិល ឃុំកាំងយាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានរកឃើញថា មានជំងឺផ្តាសាយបក្សីនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ និងស្ត្រីអាយុ ៤១ ឆ្នាំ រស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានឆ្លងជំងឺផ្តាសាយបក្សីនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


