Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនយល់ព្រមចំពោះការលក់សំបុត្រចូលទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម ឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសថា សម្ដេច មិនយល់ព្រមនោះឡើយ ចំពោះការលក់សំបុត្រចូលទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិ នាល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេច ទើបតែទទួលបានព័ត៌មានពីសម្ដេចពិជ័យសេនា ទៀ បាញ់ ថា មានការផ្សព្វផ្សាយទាក់ទងនឹងការលក់សំបុត្រ ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម។ ករណីនេះ ទាមទារឲ្យសម្ដេចនាយករដ្ឋមន្ត្រី ចេញសារជាសំឡេងបន្ទាន់ ដើម្បីជម្រាបជូនដល់អ្នកទទួលខុសត្រូវទាំងឡាយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខនេះ។

សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនេះ ប្រទេសកម្ពុជា បានចំណាយថវិកាទៅលើមូលដ្ឋានសម្ភារៈ បច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត។ លើសពីនេះទៀត ក៏បានចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត អស់រាប់រយលានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច មិនយល់ព្រមជាដាច់ខាត នៅក្នុងការលក់សំបុត្រ ទាំងនៅពេលបើក និងពេលបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ដូច្នេះ ខ្ញុំមិនយល់ព្រមដាច់ខាត ឲ្យមានការលក់សំបុត្រ ទាំងពេលចូលបើក និងចូលបិទ ក៏ដូចការប្រកួតកីឡាផ្សេងទៀត នៅក្នុងរយៈពេលស៊ីហ្គេម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម