ព័ត៌មានជាតិ
ខេត្តរតនគិរី បញ្ចប់ការបោះបង្គោលព្រំដែនជាមួយខេត្តអត្តពឺរបស់ឡាវ
ខេត្តរតនគិរីបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយខេត្តអត្តពឺរបស់ឡាវពេញលេញទាំងស្រុង។ នេះបើតាមការអះអាងរបស់លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តនៅទីស្ដីការគណៈរដ្ឋមន្ត្រីដែលរៀបចំឡើងកាលពីម្សិលមិញនេះ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា ខេត្តរតនគិរីមានព្រំប្រទល់ជាប់ខេត្តអត្តពឺរបស់ឡាវប្រវែង ១៦៥ គីឡូម៉ែត្រ។ ការបោះបង្គោលព្រំដែនបានបញ្ចប់ពេញលេញ ហើយនៅពេលខាងមុខក៏គ្រោងនឹងបើកច្រកទ្វារព្រំដែនបន្ថែមទៀតរវាងខេត្តជាប់ព្រំដែនទាំងពីរ។

លោកអភិបាលខេត្តបញ្ជាក់បន្ថែមថា តាមការសិក្សាមានទីតាំងចំនួនពីរសម្រាប់បើកច្រកទ្វារព្រំដែនគឺនៅបង្គោលព្រំដែនលេខ ១០៣ និងលេខ ១៤៥។
នៅបង្គោលលេខ ១០៣ ជាប់គ្នារវាងស្រុកវ៉ឺនសៃ និងស្រុកភូវង្សរបស់ឡាវ។ ពីស្រុកវ៉ឺនសៃមានចម្ងាយជាង ៣០ គីឡូម៉ែត្រ និងពីស្រុកភូវង្សរបស់ឡាវមានចម្ងាយជាង ២០ គីឡូម៉ែត្រ។ មានទីតាំងមួយទៀតគឺនៅបង្គោលលេខ ១៤៥ នៅកៀកតំបន់មុំ ៣ កន្ទុយនាគ (ព្រំដែនប្រសព្វគ្នាកម្ពុជា-ឡាវ-វៀតណាម)។
ការបើកច្រកទ្វារព្រំដែននៅបង្គោលលេខ ១៤៥ ផ្តល់ផលចំណេញទាំងសេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈអ្នកទេសចរដែលអាចធ្វើដំណើរទៅកម្សាន្តឆ្លងកាត់ឧទ្យានជាតិវីរជ័យដែលមានទេសភាពស្អាត ត្រជាក់ ហើយណាមួយក៏កៀកនៅតំបន់មុំ ៣ កន្ទុយនាគចម្ងាយតែជាង ២០ គីឡូម៉ែត្រ ដែលបងប្អូនក៏អាចទៅសួរសុខទុក្ខវីរការពារព្រំដែននៅទីនោះថែមទៀតផង។ លើសពីនោះទីតាំងទីនោះក៏អត់សូវប៉ះពាល់ដល់បរិស្ថានដែរ តែបើបើកច្រកនៅបង្គោលព្រំដែនលេខ ១០៣ ប៉ះពាល់តំបន់ស្នូលបរិស្ថានច្រើន។ តែការសម្រេចយ៉ាងណា រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍រួមទៅរដ្ឋាភិបាលដើម្បីសម្រេចចុងក្រោយ។

ទាក់ទងបញ្ហាព្រំដែនវៀតណាម លោក ញ៉ែម សំអឿន បានលើកឡើងថា ខេត្តរតនគីរីបានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមចាប់ពីបង្គោលលេខ ០ (កន្ទុយនាគ) រហូតដល់បង្គោល ៣០ (ច្រកអូរយ៉ាដាវ)។ ដោយឡែកចាប់ពីបង្គោលលេខ ៣១ ដល់បង្គោលលេខ ៤០ ព្រំប្រទល់ខេត្តមណ្ឌលគិរីនៅកំពុងចរចាដោះស្រាយនៅឡើយ។
លោកបន្តថា នៅតំបន់ដែលនៅមិនទាន់បោះបង្គោលព្រំដែន ភាគីទាំងពីរនៅតែរក្សាសន្តិសុខ សហការទំនាក់ទំនងគ្នាទៅវិញទៅមកជាធម្មតា មិនមានបញ្ហាអីនោះទេ។ ទាក់ទងកន្លងមកធ្លាប់កើតមានករណីដែលកសិករវៀតណាមបានជីកស្រះនៅតំបន់មិនទាន់កំណត់ជាក់លាក់ ខាងកម្ពុជាស្នើឲ្យលុបវិញមកដល់ពេលនេះបានដោះស្រាយបញ្ចប់មិនមានបញ្ហាអីទៀតនោះទេ។
ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តមានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទុម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រវែង ២១០គ.ម ខាងជើងជាប់នឹងខេត្តអត្តពឺនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រវែង ១៦៥គ.ម និងខាងត្បូងជាប់ខេត្តមណ្ឌលគិរី។ ភូមិសាស្ត្រខេត្តជាតំបន់ខ្ពង់រាបសម្បូរភ្នំ ជ្រោះជ្រលងដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ០២ គឺទន្លេសេសាន និងទន្លេស្រែពក។
ខេត្តមានផ្ទៃដីសរុប ១០.៧៨២ គីឡូម៉ែត្រក្រឡា រដ្ឋបាលដែនដីត្រូវបានចែកជា ០១ ក្រុង ០៨ស្រុក ៤៦ឃុំ ០៤សង្កាត់ និង២៤៣ភូមិ។
សេដ្ឋកិច្ចរបស់ខេត្តរតនគិរីពឹងផ្អែកលើវិស័យ ៣ សំខាន់ គឺ ទេសចរណ៍ ធនធានរ៉ែ និងកសិឧស្សាហកម្ម។ ផ្អែកតាមទិន្នន័យមូលដ្ឋានឆ្នាំ ២០២២ ប្រជាជនក្នុងខេត្តសរុបមានជាង ២២ម៉ឺននាក់ ក្នុងនោះ ៨២ ភាគរយប្រកបរបរកសិកម្មជាចម្បង៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


