Connect with us

ព័ត៌មានជាតិ

សមាគមពាណិជ្ជកម្មអូស្រា្តលី ផ្តល់ជំនួយដល់ពលរដ្ឋខ្វះខាត​ជិត ៣០០គ្រួសារ ក្នុងក្រុងបាវិត

បានផុស

នៅ

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣  លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងបាវិត បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយ​សប្បុរសធម៌របស់សមាគមពាណិជ្ជកម្មអូស្រា្តលី ចែកជូនដល់ចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតចំនួន ២៨០គ្រួសារ ស្ថិតក្នុងវិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួមសម្រាលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៏សប្បុរសនេះ គឺជាលើកទី៤ ដែលសមាគមពាណិជ្ជកម្មអូស្រ្តាលី មានលោក សារ៉ា ជេកសុន ជាប្រធាន និងលោក តាន់ សិទ្ធី ជាអនុប្រធាន បានចូលរួមជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈរបស់ លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ អាណិតអាសូរ និងសប្បុរសធម៌​របស់សមាគមពាណិជ្ជកម្មអូស្រ្តាលី ដែលបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមសម្រាលបន្ទុក​ដល់ជីវភាពរស់​នៅរបស់គ្រួសារប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ទឹកចិត្តដ៏ជ្រះថ្លានេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ការនឹករលឹក និងការគោរពស្រឡាញ់ខ្មែរដូចគ្នា ទោះបីកំពុងរស់​នៅក្រៅប្រទេសក៏ដោយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាវិតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណ​ចំពោះការផ្តល់នូវ ទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ។

លោកបន្តទៀតថា សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក បានបង្ហាញពីការគាំទ្រនូវគោលនយោបាយដឹកនាំដ៏ត្រឹម​ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងដើម្បី​ភាពសុខដុមរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវ​ឲ្យប្រជាជនទាំងអស់បន្តការគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងារទាំងអស់ ចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មី វិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយ​រីករាយនិងទទួលបានសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម