ព័ត៌មានជាតិ
ខ្លែងឯក មានប្រជាប្រិយភាពជាងគេក្នុងចំណោមខ្លែងចំនួន ២៧ប្រភេទ របស់កម្ពុជា
ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវអំពីខ្លែងនៅប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមខ្លែងទាំង២៧ប្រភេទ ដែលគេបានរកឃើញមានតែខ្លែងឯកមួយគត់ ដែលមានប្រជាប្រិយភាពជាងគេ ដោយសារវាមានរូបរាងស្អាត និងមានបន្លឺសំឡេងពីរោះដូចតន្ត្រី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំបង្ហោះខ្លែងអន្តរជាតិធ្វើនៅខេត្តព្រះសីហនុនៅថ្ងៃទី៦និងទី៧ឧសភា លោកស្រី ជៀង ណារិន ដែលជាសហអ្នកនិពន្ធសៀវភៅស្តីពីខ្លែងឯកបានឱ្យដឹងថា ខ្លែងឯកដែលជាខ្លែងប្រពៃណីរបស់ខ្មែរ និងមានពន្លឺសំឡេង ព្រោះខ្លែងឯកមានឈ្មោះហៅតាំងពីបុរាណមកថា ខ្លែងព្នង ឬខ្លែងមេកូន។ ខ្លែងឯក មានឆ្អឹងស្លាប និងឆ្អឹងទ្រូង ធ្វើអំពីឫស្សីពាស ដោយក្រដាស និងអណ្ដាតឯក ធ្វើអំពីផ្ដៅកន្ទុយ ធ្វើអំពីស្លឹកត្នោត ឬភ្ជុល ឬក៏ស្លឹកទ្រាំង។
បើតាមលោក ស៊ឹម សារ៉ាក់ ដែលជាសហអ្នកនិពន្ធសៀវភៅស្តីពីខ្លែងឯក បានឱ្យដឹងដែរថាខ្លែងឯក មានប្រវត្តិតាំងពី ៤០០ឆ្នាំមុន គ្រិស្តសករាជមកម្ល៉េះ និងអ្នកស្រុកតែងតែធ្វើបង្ហើរលេងនៅពេលយប់ពេលខ្យល់ធ្លាក់មកពីទិសខាងជើង និងក្រោយពេលប្រមូលផលស្រែចម្ការរួចរាល់ដោយមានវាលស្មៅល្វឹងល្វើយ ដែលជាឱកាសអាចបង្ហើរលេងកម្សាន្តសប្បាយ។

លោកបានបន្តថា ខ្លែងឯកជាខ្លែងប្រពៃណីខ្មែរនឹងមាន៣ទម្រង់ គឺទី១ ខ្លែងឯកបូរាណមានចុងស្លាបមានរាងដូចស្នែង, ទី២ ខ្លែងឯកចុងស្លាបរាងខ្វែង និងទី៣ខ្លែងឯកញីចុងស្លាប់រាងមូល។
ខ្លែងឯកជាខ្លែងមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមខ្លែងទាំង ២៧ប្រភេទ ដោយសារវាមានរូបរាងស្អាត និងមានអណ្ដាតអាចបន្លឺសំឡេងយ៉ាងពីរោះនៅពេលហោះលើមេឃប៉ះនឹងខ្យល់ខ្លាំង។
លោក ស៊ឹម សារ៉ាក់ បានបញ្ជាក់ថា កាលពីមុនខ្លែងឯកមានបញ្ចេញសំឡេងបានរហូតដល់ទៅ១៧សម្លេង។ ប៉ុន្តែបច្ចុប្បន្នអាចបញ្ចេញសំឡេង បានតែ៥សម្លេងប៉ុណ្ណោះ។
លោកស្រី ជៀង ណារិន បានបន្ថែមថា ខ្លែងឯក មិនត្រឹមតែបានរស់ឡើងវិញនោះទេតែត្រូវបានសាកលលោក ទទួលស្គាល់ និងឱ្យតម្លៃថា ខ្លែងឯកមានរាងស្អាត និងមានសំឡេងដូចតន្ត្រីនិងមានទម្រង់ដូចយន្តហោះទៀតផង ដោយខ្លែងឯកបានចូលមហោស្របខ្លែងអន្តរជាតិជាញឹកញាប់ដូចជានៅប្រទេសក្នុងតំបន់អាស៊ានមានប្រទេសថៃ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ នៅអាស៊ីបូព៌ាដូចជាប្រទេសចិន កូរ៉េ ជប៉ុន នៅអាស៊ីខាងត្បូងមានប្រទេសឥណ្ឌានិងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបដូចជាអង់គ្លេសបារាំងអ៊ីតាលី និងប្រទេសទួរគីជាដើម។

លោកស្រីបានឱ្យដឹងទៀតថា បើប្រជាពលរដ្ឋចង់ដឹងថា ខ្លែងឯកបញ្ចេញសំឡេងពីរោះកម្រិតណានោះសូមអញ្ជើញទៅចូលរួមព្រឹត្តិតការណ៍បង្ហោះខ្លែងអន្តរជាតិដែលធ្វើនៅខេត្តព្រះសីហនុនៅថ្ងៃទី ៦ និងទី ៧ ឧសភាឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗ នឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នាផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


