Connect with us

ព័ត៌មានជាតិ

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ពីរ​កន្លែង នៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ត្រូវ​បាន​បើក​សម្ពោធជាផ្លូវការ

បានផុស

នៅ

សៀមរាប ​៖ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី នៅ​ខេត្តសៀមរាប និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ស្ទឹងសែន​ទី​២ ខេត្តកំពង់ធំ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ​ជាតិ តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បង្ហាញ​ថា សំណង់​ដ៏​ថ្មី​សន្លាង និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៃ​រោងចក្រ​ប្រព្រឹត្ត​ទឹក​ស្អាត​ទាំង​២​កន្លែង គឺ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ជា​ផ្លូវការ​នា​ថ្ងៃនេះ សម្ដេច​បាន​ចាត់ទុកថា ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ទឹកស្អាត ដែល​កើតមានឡើង​ក្នុង​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល ជាពិសេស​ខេត្តសៀមរាប ខណៈ​ដែល​ខេត្ដ​នេះ មិន​ដែល​មាន​រោងចក្រ​ផលិត​ទឹកស្អាត​ខ្នាត​ធំ អាច​ផលិត​បាន​ដល់​៦​ម៉ឺន​ម៉ែត្រ​គូប​/​ក្នុង​មួយថ្ងៃ​ដូចនេះ​ឡើយ​។

សម្ដេច​ពិជ័យ បាន​បន្ដ​ថា រោងចក្រ​ទឹកស្អាត​ថ្មី​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ខេត្តសៀមរាប​ក្នុង វិស័យ​ទឹកស្អាត និង​ជា​កត្តា​ចាំ​បាច់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ បើសិនជា​ទីក្រុង ទីប្រជុំជន​គ្មាន​ទឹក​ស្អាត គឺ​វា​ពិបាក​នឹងមាន​ការអភិវឌ្ឍន៍​ណាស់ ដូច្នេះ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី ទាំង​នៅ​សៀមរាប និង​នៅ​កំពង់ធំ វា​ពិតជា​បាន​ដោះស្រាយ​បញ្ហា​ច្រើនណាស់ សម្រាប់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​, សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, សម្រាប់​កិច្ចការ​សង្គម និង​ធុរកិច្ច​គ្រប់បែបយ៉ាង ដើម្បី​ឆ្លើយតប​ចំ​ទិសដៅ ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​ចង់បាន​នោះ​។

ទើប​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ទទួល​បាន​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹក​ស្អាត​ថ្មី​ធំ​បែបនេះ ក៏​បាន​ផ្តល់​លទ្ធភាព​ឱ្យ​អង្គភាព​រដ្ឋ​មួយ​នេះ អាច​ផ្ដល់​ការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង​សៀមរាប​ថែមទៀត ដែល​នៅ​ទីនោះ​មិនដែល​ស្គាល់​ទឹកស្អាត​នោះទេ​។

ជាក់ស្តែង ដូច​នៅ «​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​» ស្ថិត​ក្នុងស្រុក​បន្ទាយស្រី និង «​តំបន់​អភិវឌ្ឍន៍ ពាក់​ស្នែង​» ក្នុងស្រុក​អង្គរធំ គឺ​ក្រៅពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា ដូចជា​ផ្លូវថ្នល់ សាលារៀន វត្ត​អារាម ផ្សារ មណ្ឌល​សុខភាព ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទូរស័ព្ទ​ជាដើម រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានផ្ដល់​ថវិកា​ចំនួន ៩​លាន​ដុល្លារ សម្រាប់​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំង​២​នេះ​។

សម្តេច បាន​បញ្ជាក់​ថា កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ផ្ដល់​ថវិកា​ចំនួន​១,៥​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ជួយឧបត្ថម្ភ​លើ​ការ​ភ្ជាប់​បណ្តាញ និង​ដំឡើង​នាឡិកាទឹក​ចូល​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ផងដែរ​។ ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សំណាក់​សម្ដេច​តេ​ជោ ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន ហើយក៏​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ប្រជាជន ដែល​តាម​ការគ្រោង​មាន​ចំនួន​ប្រមាណ ១៤០០០​គ្រួសារ ដែល​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ទទួលបាន​ទឹក​ស្អាត​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់ខ្លួន នឹង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ដ្រ បច្ចេកទេស និង​ន​វា​នុ​វត្ដ​ន៍ មានប្រសាសន៍ថា វិស័យ​ទឹកស្អាត​ត្រូវ​បាន​ពង្រឹង​ការគ្រប់គ្រង និង​មានការ​អភិវឌ្ឍ​ជា​លំដាប់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការពង្រីក​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ និង​គ្រប់​វិស័យ ដែល​កំពុង​មាន​កំណើន​ស្ទុះ​ទៅមុខ​ឥតឈប់ឈរ​នៅ​គ្រប់​ទីកន្លែង​។

លោក​បន្ដ​ថា នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​គោលនយោបាយ​លើ​វិស័យ​ទឹកស្អាត​គឺ ពង្រីក​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​ទីប្រជុំជន​ឱ្យបាន​៩០% ដល់​ឆ្នាំ​២០២៣ និង​១០០% ត្រឹម​ឆ្នាំ​២០២៥។​ តាមរយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ដោយ​ឈរ​លើ​លក្ខខណ្ឌ បួន​យ៉ាង​គឺ «​ទឹក​ត្រូវ​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ​»។

តាមរយៈ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បាន​ខិតខំ​ជំរុញ​ឱ្យមាន​ការវិនិយោគ​ក្នុង​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ សម្រាប់​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជា​បន្តបន្ទាប់ នៅតាម​បណ្តា​ទី​រួម​ខេត្ត និង​ទីប្រជុំជន​ផ្សេងទៀត នៅ​ទូទាំងប្រទេស តាមរយៈ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​, ពី​ថវិកាជាតិ និង​ពី​ការចូលរួម​របស់​វិស័យ​ឯកជន​, ធ្វើឱ្យ​វិស័យ​ទឹកស្អាត​មានការ​អភិវឌ្ឍ​យ៉ាង​ធំធេង ចាប់តាំងពី​ស្ទើរតែ​គ្មាន​អ្វី​សោះ មកជា​ការ​ផ្គត់ផ្គង់​មួយ​ដល់​ចំនួន រយ​លាន​ម៉ែត្រគូប និង​គ្រប​ដណ្តប់​នៅ​គ្រប់​ទីប្រជុំជន​ជិត​ឆ្ងាយ​។

លោក​បន្ថែម​ថា ជាក់ស្ដែង ការផ្គត់ផ្គង់​ទឹកស្អាត​ទូទាំងប្រទេស បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​គិត​ត្រឹម​ឆ្នាំ ២០២២ ចំនួន​គ្រួសារ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​មាន​ប្រមាណ ១,២​លាន​គ្រួសារ គឺ​កើនឡើង ៥៣,៨% ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ប្រមាណ​តែ ៧៨​ម៉ឺន​គ្រួសារ ជាមួយ​បរិមាណ​ទឹកស្អាត​កើន​ដល់​ជិត ៤០០ លាន​ម៉ែត្រគូប ដែល​កាលពី​ឆ្នាំ​២០១៨ មាន​ប្រមាណ​តែ ៣០៩​លាន​ម៉ែត្រគូប​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៣៨ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៦០ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម