Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ថែមទៀត​

បានផុស

នៅ

ភ្នំពេញ ​៖ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ជា​ទឹ​សដៅ​ធនាគារជាតិ​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ប្រកបដោយ​បរិ​យាប​ន្ន​និង​ភាព​ទុកចិត្ត​ខ្ពស់ ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ និង​ស្របតាម​ការវិវត្ត​នៃ​ទំនាក់ទំនង​និង​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​«​ប្រក្រតី​ថ្មី​»​សំដៅ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ស្តារ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ដាក់​ទិសដៅ​នេះ​ បាន​ធ្វើឡើង​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២១​មករា​នេះ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០២០​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​ការ​រក្សា​បាន​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរ​ប្រាក់ ព្រមទាំង​គរ​ពូន​ទុនបម្រុង​អន្តរជាតិ ក្នុង​កម្រិត​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​គោលនយោបាយ​រូបិយវត្ថុ​។

ជា​មួយ​គ្នា​នេះ ​វិស័យ​ធនាគារ​ក៏បាន​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​មក​លើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន រួមមាន ការ​បង្កើន​សាច់ប្រាក់​ក្នុង​ដៃ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សម្រាប់​ការពារ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​គាំទ្រ​ការផ្តល់​ឥណទាន​ទៅកាន់​វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច និង​ការរៀបចំ​ឥណទាន​ឡើងវិញ ជាមួយនឹង​ការលើកលែង​កម្រៃ​ពាក់ព័ន្ធ ចំពោះ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​។

លើស​ពី​នេះ​ទៀត​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​កិច្ចការពារ​អតិថិជន​និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ស្រប​ពេល​ដែល​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​បាន​កើនឡើង​និង​ស្ថិត​ក្នុង​បរិការណ៍​ប្រឈម​នឹង​វិបត្តិ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅតាម​មូលដ្ឋាន​,​ការ​ទទួល​សំណួរ​និង​សំណើ​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​យុទ្ធនាការ​នានា ដែល​បាន​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សាធារណជន​។

ម្យ៉ាងទៀត ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​គាំទ្រ​ដល់​ន​វា​នុ​វត្ត​បច្ចេកវិទ្យា​ដោយ​បាន​អនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ព្រមទាំង​បានដាក់​ឲ្យប្រើ​ប្រាស់​និង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ផ្អែកលើ​បច្ចេកវិទ្យា​ទំនើប​។ ក្នុងចំណោម​នោះ ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ និង​កំពុង​សម្រួល​ដល់​ការទូទាត់​ទូទៅ​តាមរយៈ​ទូរសព្ទដៃ ដោយ​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន និង​អាច​ទទួលបាន​ទឹកប្រាក់​ទូទាត់​ភ្លាមៗ​។

ម្យ៉ាងទៀត​ការ​ដាក់ចេញ​នូវ​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​បាន​ទទួល​ជោគជ័យ​ជាពិសេស​ក្នុងការ​ជំរុញ​ការទូទាត់​ប្រាក់​រៀល​ចំពោះ​ប្រតិបត្តិការ​តូចៗ​កាន់តែ​ទូលំទូលាយ ជាមួយនឹង​ការកើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ការ​សន្សំ​និង​ការ​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល ដែល​បាន​រួម​ចំណែក​ពង្រឹង​អត្តសញ្ញាណ​ជាតិ អធិប​តេយ្យ​រូបិយវត្ថុ​ជាតិ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​។

​គួរ​បញ្ជាក់​ថា ​សន្និបាត​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​អបអរសាទរ​និង​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ​កន្លងទៅ​ព្រមទាំង​ទស្សនវិស័យ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នេះ​សំដៅ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ប្រព័ន្ធ​ធនាគារ​និង​សេដ្ឋកិច្ចកម្ពុជា​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម