ព័ត៌មានជាតិ
កញ្ញា រ៉ុន សុភី ផ្តាំយុវជនគ្រប់រូបឱ្យចេះចាប់យកឱកាស និងប្រើឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួន
យុវតី រ៉ុន សុភី ពីអតីតក្មេងរើសសំរាមស្ទឹងមានជ័យ មានឱកាសទទួលបានអាហារូបករណ៍១០០% សិក្សានៅប្រទេសអូស្ត្រាលី បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ គួរចេះចាប់យកឱកាស មានភាពក្លាហាន ចេះសិក្សាពីអ្វីនៅជុំវិញខ្លួន ព្រោះឱកាសមិនអាចចេះតែមានគ្រប់ពេលវេលាឡើយ។

កញ្ញា រ៉ុន សុភី ត្រូវបានគេស្គាល់ថា ជាអតីតក្មេងស្រីរើសសំរាមទាំងយប់ទាំងថ្ងៃនៅវាលចាក់សំរាមដ៏ធំល្វឹងល្វើយនៅស្ទឹងមានជ័យ។ នៅពេលដែលកញ្ញាមានឱកាសសិក្សានៅប្រទេសអូស្រ្តាលី ហើយពេលនេះបញ្ចប់ការសិក្សាហើយនោះ នាងក៏ផ្តាំដល់មនុស្សជំនាន់ក្រោយឱ្យចេះចាប់យកឱកាស និងមានភាពក្លាហាននៅក្នុងជីវិត។ ទោះបីជាកញ្ញាបានជោគជ័យមួយកម្រិតហើយក្តី ក៏នៅតែមានបញ្ហាមួយចំនួនដែលធ្វើឱ្យកញ្ញាមិនមានភាពក្លាហានគ្រប់គ្រាន់ផងដែរ។

កញ្ញាបានលើកឡើងថា៖ “ខ្ញុំសោកស្ដាយដែលមិនបានស្វែងយល់ឲ្យបានគ្រប់គ្រាន់ មិនសកម្មគ្រប់គ្រាន់ និងមិនក្លាហានគ្រប់គ្រាន់។ នេះគ្រាន់តែមានន័យថា ខ្ញុំមិនបានចាប់យករាល់ឱកាសដែលមាននោះទេ”។ អតីតនិស្សិតរូបនេះបន្តថា៖ “ឱកាសមិនតែងតែមករកយើងទេ ដូច្នេះ នៅពេលដែលអ្នកទទួលបានហើយ សូមចាប់យកវាមកប្រើប្រាស់។ កុំខ្លាចការវិនិច្ឆ័យ ព្រោះអ្នកម្នាក់ឯង មិនអាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានទេ ជាពិសេសត្រូវយល់ថាអ្នករស់នៅដើម្បីខ្លួនឯង មិនមែនអ្នកដ៏ទៃឡើយ។ អ្នកនឹងភ្លឺស្វាង ប្រសិនបើអ្នកអាចលូតលាស់ដោយខ្លួនឯង”។
កញ្ញា រ៉ុន សុភី មានបងប្អូន ៧នាក់ នាងមិនបានចូលសាលារៀនរហូតដល់នាងអាយុ១១ឆ្នាំ។ នាងមិនស្គាល់ឡើយថាថ្នាក់រៀនមានរូបរាងបែបណាខ្លះនោះទេ រហូតត្រូវបានលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមួយមានបេសសកម្មជួយប្រែក្លាយកុមារក្រីក្របំផុតនៅកម្ពុជា ផ្តល់ឱកាសបានសិក្សារៀនសូត្រ និងប្រែក្លាយខ្លួនជាអ្នកដឹកនាំម្នាក់។ លោក Scott Neeson ជួយ និងផ្តល់ឱកាសឱ្យនាងបានសិក្សានៅអង្គការនោះ បានប្រែក្លាយខ្លួនពីក្មេងស្រីម្នាក់ផ្សេងទៀត។

នៅពេលដែលកញ្ញា រ៉ុន សុភី មានឱកាសបានលោក Scott Neeson ជួយសង្រ្គោះ និងបានសិក្សាដូចក្មេងដទៃ នាងក៏ទទួលបានអាហារូបករណ៍១០០% ពីមហាវិទ្យាល័យ Trinity ក្នុងប្រទេសអូស្ត្រាលី។ អាហារូបករណ៍១០០% គ្របដណ្តប់លើថ្លៃសិក្សា ចំណាយលើការស្នាក់នៅ អាហារហូបចុក និងប្រាក់ឧបត្ថម្ភមួយចំនួន។ អាហារូបករណ៍មានរយៈពេល ៤ឆ្នាំកន្លះ ក្នុងនោះកម្មវិធីសិក្សាបន្ថែមរយៈពេលកន្លះឆ្នាំ សិក្សានៅមហាវិទ្យាល័យ ១ឆ្នាំ និងនៅសាកលវិទ្យាល័យរយៈពេល៣ឆ្នាំ។ រយៈពេលជិត៥ឆ្នាំនេះ កញ្ញាសិក្សាជំនាញ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Melbourne។

អតីតនិស្សិតនៅសាកលវិទ្យាល័យ Melbourne រូបនេះ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Melbourne ក្នុងឆ្នាំ២០២២។ សព្វថ្ងៃនេះកញ្ញាបានបំពេញការងារនៅសាលាឯកជនមួយក្នុងប្រទេសអូស្ត្រាលីជាបុគ្គលិកពេញម៉ោង។ ចំពោះការសិក្សាបន្តទៀត គឺនៅមិនទាន់មានគម្រោងឡើយ៕


-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


