ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្លោះសាសនាទេ
ប្រទេសកម្ពុជាគ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នាក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខណៈឯកឧត្ដមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។


ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះសាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល។
គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ក៏ដូចជាទៅអនាគត គឺការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គលហើយសេចក្ដីត្រូវការរួមរបស់ប្រជាជនទាំងអស់ គឺមានតែសុខសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការលើកស្ទួយវិស័យសាសនា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយសារសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋគំរូ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន៖ វិហារម៉ាស្ជិទនូរុលអៀសសាន្ត, អគារសាលារៀន និងអន្តេវាសិកដ្ឋាន, អគារស្នាក់នៅសម្រាប់អ្នកដឹកនាំ និងអ្នកថែទាំវិហារ រួមទាំងសមិទ្ធផលជាច្រើនទៀត ព្រមជាមួយការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរឥស្លាមគ្រប់លំដាប់ថ្នាក់ រួមទាំងចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគថវិកាចូលរួមកសាងសមិទ្ធផលទាំងនេះ រហូតសម្រេចជាស្ថាពរ។
ទាំងនេះគឺជាតឹកតាងនៃស្មារតីរួបរួមគ្នារបស់បងប្អូនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស នៅក្នុងបុព្វហេតុនៃការគោរពបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីជំនឿសាសនារបស់ខ្លួន ក៏ដូចជាដើម្បីការអប់រំ និងផ្សព្វផ្សាយនូវគុណតម្លៃនៃសាសនាឥស្លាម ជាពិសេសសម្រាប់សាសនិកឥស្លាមជំនាន់ក្រោយៗទៀត។

ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់សាសនាឥស្លាម ទាំងនៅក្នុងក្របខ័ណ្ឌរួមទូទាំងប្រទេស និងនៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះនេះ ក្រោមការយកចិត្តទុកដាក់ផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ដូចដែលស្តែងឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយនានាអនុគ្រោះដល់សហគមន៍ឥស្លាម និងសាសនិកឥស្លាម ព្រមទាំងភាពស្និទ្ធស្នាល និងភាពកក់ក្តៅរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការចូលរួមពិធីស្រាយបួសអាហារខែរ៉ាម៉ាដន ជាដើម៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


