Connect with us

ព័ត៌មានជាតិ

ទូត​ខ្មែរ​​នៅថៃ​ បញ្ជាក់​បន្ថែម​​ស្ថានភាពពលករ​ រងគ្រោះ៧ នាក់ ក្នុងហេតុការណ៍​បាក់ស្រុត​ស្ពានអាកាស​

បានផុស

នៅ

ពលករខ្មែរ៧នាក់​ ក្នុង​ករណី​ស្ពាន​អាកាស​បាក់​ស្រុត នៅ​ខេត្ត​នគររាជសីមា​ មិន​មាន​រង​គ្រោះ​ដល់​បាត់​បង់​ជីវិតទេ​ ហើយ​កំពុង​ទទួល​បាន​ការ​ព្យាបាល​​ និង​ការ​យក​ចិត្ត​ទុក្ខ​ដាក់ ព្រម​ទាំង​ការ​ចុះ​សួរ​សុខទុក្ខ​​ពី​សំណាក់​ស្ថាន​ទូត ​នា​ថ្ងៃ​ទី​២៥ ​ខែ​មករា​ ឆ្នាំ២០២១ តំណាង​ស្ថាន​ទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​​ បាន​ចុះ​មក​មន្ទីរ​ពេទ្យ​មហារាជ ​​ និង​ការដ្ឋាន​សាង​សង់​ផ្លូវ​ នៅ​ខេត្ត​នគររាជសីមា​ ដើម្បី​សួរ​សុខ​ទុក្ខ​បង​ប្អូន​ពលករ​ខ្មែរ​ចំនួន​៧​រូប ​ប្រុស៤នាក់​ និងស្រី៣នាក់​ ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ស្ពាន​អាកាស​បាក់​ស្រុត​ចុះ​ខណៈ​កំពុង​សាងសង់​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ២០២១​ វេលាម៉ោង ១៤៖១៨នាទី ស្ថិត​នៅ​បរិវេណ​ផ្លូវ​សុរៈណារ៉ាយ ឃុំ​ឃោក​ស៊ូង ស្រុក​មឿង​នគររាជសីមា ខេត្ត​នគររាជសីមា ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទំព័រ​ហ្វេស​បុក​​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់​គ្រោះ​ថ្នាក់​ខាង​លើ​មិន​មែន​ករណី​រង​គ្រោះ​ដល់​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ។​​​ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ​ ចំណែក​ពលករ​៤នាក់​ទៀត កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្នុង​នោះ​១​នាក់​ជា​ស្ត្រី ​រង​របួស​បាក់​ជើង​ស្តាំ​​ ១នាក់​ទៀត​នឹង​ចេញ​ពី​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត និង​ពលករ​២​នាក់​ទៀត​នឹង​ចេញ​ពី​មន្ទីរ​ពេទ្យ​នា​ល្ងាច​ថ្ងៃ​នេះ​។​​

ការ​ចំណាយ​លើ​ការ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​របស់​ពលករ​ខ្មែរ​ទាំង​អស់ ​គឺ​ខាង​និយោជក​​ និង​ធានា​រ៉ាប់​រង​សង្គម ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំណែក​ពលករ​ដែល​កំពុង​សម្រាក​ព្យាបាល​និង​មិន​អាច​ទាន់​ចូល​ធ្វើ​ការ​វិញ​បាន​ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅ​តាម​ច្បាប់។​

ជាមួយ​គ្នា​នេះ​ផង​ដែរ ​តំណាង​ស្ថាន​ទូត​បាន​ពាំនាំ​ថវិកា​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ ជូន​ដល់​ប្អូន​​ប្អូន​ពលករ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​សម្រាក​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គាត់​ ព្រម​ទាំង​ផ្តាំ​ផ្ញើ​ការ​សួរ​សុខ​ទុក្ខ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខទុក្ខ​របស់​បង​ប្អូន​ពលករ​ខ្មែរ​ផង​ដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម