ព័ត៌មានជាតិ
អ្នករងគ្រោះកំពុងជ្រួលច្របល់ ខណៈទ្រព្យសម្បត្តិជនឆបោក ត្រូវបានបង្កក
សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបង្កកទ្រព្យសម្បត្តិ ក្រុមជនឆបោកប្រាក់ប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋ រាប់លានដុល្លារ ដើម្បីបន្តនីតិវិធី ហើយមេខ្លោង ចំនួន០៣នាក់ កំពុងឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគារ។ នេះបើយោងតាមប្រភពច្បាស់ការ បានបង្ហើបប្រាប់ កម្ពុជាថ្មី ឱ្យដឹង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
ពាក់ព័ន្ធករណីក្រុមជនឆបោកប្រាក់ទ្រង់ទ្រាយធំ នៅស្រុកបរសេដ្ឋនេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់យ៉ាងខ្លីថា «ករណីនេះ ស្ថិតនៅក្នុងដៃតុលាការ និងលឺថាតុលាការ បានបង្កកទ្រព្យ» ។

ដោយឡែក លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប្រាប់ឱ្យដឹងថា ចំពោះមេខ្លោងពាក់ព័ន្ធការឆបោកប្រាក់ប្រជាពលរដ្ឋ នៅស្រុកបរសេដ្ឋនេះ គឺកំពុងឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគារ និងមានអ្នកពាក់ព័ន្ធប្រមាណ ១០នាក់ទៀត កំពុងរត់គេចខ្លួន ហើយនគរបាលកំពុងរង់ចាំមើលចំណាត់ការរបស់តុលាការថា នឹងត្រូវធ្វើយ៉ាងម៉េចបន្តទៀត ។
លោកស្នងការរង បានបន្ថែមទៀតថា ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋខាតបង់ដោយការចាញ់បោកនេះ មិនដឹងជាប៉ុន្មានឱ្យប្រាកដទេ តែមានពលរដ្ឋច្រើននាក់ បានយកលុយទៅដាក់ដើម្បីទទួលបានការប្រាក់ខ្ពស់ ដោយសារឃើញគេទិញឡានថ្មី ម៉ូតូថ្មី ហើយពួកគាត់ក៏នាំគ្នាផ្អើលយកប្រាក់ទៅដាក់តៗគ្នាជាហូរហែ ។


យោងតាមពាក្យបណ្ដឹង របស់ពលរដ្ឋរងគ្រោះ ដែលដាក់ជូន អធិការនគរបាលស្រុកបសេដ្ឋ កាលពី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ តាមរយ:មេធាវី បានប្ដឹងបុគ្គល ចំនួន០៥នាក់ រួមមាន៖ ១-ឈ្មោះ ជិន វិបុល ភេទប្រុស អាយុ ២៦ឆ្នាំ , ២-ឈ្មោះ ជិន ចាន់ឡឹក ភេទប្រុស អាយុ ៣១ឆ្នាំ, ៣-ឈ្មោះ ជិន ស្រីនាង ភេទស្រី អាយុ ៣៤ឆ្នាំ អ្នកទាំង៣នាក់ត្រូវឃាត់ខ្លួន, ៤-ឈ្មោះ ជិន សុខេង ភេទស្រី, ៥-ឈ្មោះ ជិន ស្រីពៅ ភេទស្រី អាយុ ៣៧ឆ្នាំ និងបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។ពលរដ្ឋបានប្តឹងចោទប្រកាន់អ្នកទាំងនេះ ពីបទ ឆបោកមានស្ថានទម្ងន់ទោស ។
ក្នុងពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមជនឆបោកខាងលើ បានប្រើឧបាយកលដើរឆបោកប្រាក់ពីប្រជាពលរដ្ឋ នៅស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ និងកន្លែងផ្សេងៗទៀត ក្នុអំឡុង ខែឧសភា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ។
ក្រុមជនល្មើស និង បក្ខពួក មួយចំនួន បានដើរបញ្ចុះបញ្ចូលពលរដ្ឋ នៅក្នុងស្រុកបសេដ្ឋ ក្រោមរូបភាព ជាការវិនិយោគ សាច់ប្រាក់ ដោយទទួលបានភាគលាភ ចាប់ពី ១៥ ដល់ ៣០ភាគរយ ក្នុងរយៈពេល១សប្តាហ៍ ទៅកន្លះខែ។ ប្រជាពលរដ្ឋ បានប្រមូលប្រាក់ ទៅតាមលទ្ធភាព ខ្លះខ្ចីពីធនាគារ ខ្លះលក់ទ្រព្យសម្បត្តិ ដីធ្លី ឱ្យជនឆបោក ជាបន្តបន្ទាប់ហើយទទួលបានភាគលាភ ក្នុងពេលកំណត់ប្រាកដមែន ដែល បណ្ដាល ឱ្យមានប្រជាពលរដ្ឋ កាន់តែច្រើនឡើងបានចាញ់បោក ជាបន្តបន្ទាប់សរុប ជាទឹកប្រាក់ចូលលានដុល្លារ ។
ក្រោយពីប្រមូលលុយបានច្រើន ស្រាប់តែនៅអំឡុង ដើមខែវិច្ឆិកា ឆ្នាំ២០២០ ក៏បាត់ដំណឹងឈឹង មិនឃើញមកទូទាត់ប្រាក់ការដូចមុនឡើយ ទើបនៅថ្ងៃទី ២៨ ខែវិច្ឆិកា មានការភ្ញាក់ផ្អើលឆោឡោថា ប្រាក់ដែលប្រមូលបាន ត្រូវក្រុមនេះយកជាប្រយោជន៍ផ្ទាល់ខ្លួន ទិញឡានស៊េរីទំនើបៗ ទិញដីជាច្រើនកន្លែង និងធ្វើផ្ទះធំៗ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនឈ្មោះ ជិន វិបុល, ឈ្មោះ ជិន ចាន់ឡឹក, ឈ្មោះ ជិន ស្រីនាង ទុកនៅសាលាឃុំ ពោធិ៍ចំរើន ដើម្បីរង់ចាំឱ្យមានចំណាត់ការទៅតាមច្បាប់ និងបក្ខពួក ជាច្រើនទៀតកំពុងរត់គេចខ្លួន ។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកបរសេដ្ឋ បានជួនដំណឹងដល់ប្រជាពលរដ្ឋរងគ្រោះ ត្រូវមកដាក់ពាក្យបណ្ដឹងនៅការិយាល័យនីតិកម្ម សម្រុះសម្រួលវិវាទមូលដ្ឋាន ក្នុងសាលាស្រុក ឱ្យបានគ្រប់ៗគ្នាគិតចាប់ពីថ្ងៃជូនដំណឹងដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ជាកំណត់ ។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាថ្មី បានព្យាយាមទំនាក់ទំនង ទៅកាន់លោក ឈឺន សុធន់ អភិបាលស្រុកបរសេដ្ឋ ដើម្បីសុំការបញ្ជាក់បន្ថែមអំពីទំហំ នៃខាតបង់របស់ប្រជាពលរដ្ឋ ប៉ុន្តែលោកបញ្ជាក់យ៉ាងខ្លី ថា «មិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះការងារនេះ បានប្រគល់ឱ្យលោក សៅ រិទ្ធ ជាអភិបាលរងស្រុកជាអ្នកទទួលអនុវត្ត» ។
តាមប្រភពពីមន្ត្រីសាលាខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ថា ករណីចាញ់បោកការវិនិយោគសាច់ប្រាក់ ដើម្បីទទួលបានភាគលាភខ្ពស់នេះ មិនមែនមានតែប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ តែមានទាំងមន្ត្រីក្រុមប្រឹក្សាឃុំ មេភូមិ និងកូចចៅគាត់ ក្នុងនោះក៏មានធ្លោយដល់មន្ត្រីសាលាស្រុកមួយចំនួនផងដែរ ។
ជុំវិញបញ្ហានេះ កម្ពុជាថ្មី ពុំទាន់អាចសុំការអត្ថាធិប្បាយពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននៅឡើយទេ៕
អត្ថបទ ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី