Connect with us

ព័ត៌មានជាតិ

​មន្ត្រី​នាំពាក្យឆ្លើយតបការរិះគន់របស់សង្គមស៊ីវិល​ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត​

បានផុស

នៅ

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ​សេចក្ដីព្រៀងច្បាប់​វិសោធនកម្មច្បាប់បោះឆ្នោត​ដែលត្រូវព្រឹទ្ធសភា​អនុម័តទាំងស្រុង​នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នេះ ​មិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត​របស់ប្រជាពលរដ្ឋ និងមិនរំលោភបំ​ពាន​ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ​

ការលើកឡើងបែបនេះបានធ្វើឡើង​នៅក្នុងវេទិការៀបចំដោយកម្ពុជាថ្មី ស្ដីពីសារសំខាន់នៃការបោះឆ្នោត នៅរសៀលថ្ងៃទី ២៩ ខែមិថុនានេះ ឆ្លើយតបទៅនឹងការរិះគន់របស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា ​វិសោធនកម្មនេះ គឺប៉ះពាល់ទៅដល់សិទ្ធិបោះឆ្នោត ​របស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ អះអាងថា ការលើកឡើងនេះ មិនត្រឹមត្រូវទេជាការភាន់ច្រលំ។ ហើយថា វិសោធនកម្មច្បាប់បោះឆ្នោត​នេះមិនប៉ះពាល់ទៅដល់សិទ្ធិបោះឆ្នោត​របស់ប្រជាពលរដ្ឋនោះទេ ពីព្រោះការ​បោះឆ្នោតនៅតែជាសិទ្ធិរបស់​ប្រជាពលរដ្ឋដែលចង់ទៅក៏បាន មិនទៅក៏បាន​។

លោក ជិន ម៉ាលីន បញ្ជាក់ថា វិសោធកម្មច្បាប់បោះឆ្នោតនេះគឺពាក់ព័ន្ធទៅនឹងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត​ មិនមែនសិទ្ធិបោះឆ្នោតនោះទេ ខណៈបណ្ដាប្រទេស​​មួយចំនួនដូចជាជាអូស្ត្រាលី ថៃ សិង្ហបុរី បានចងជាកាតព្វកិច្ច និងមានការផាកពិន័យ ដាក់ទោសទណ្ឌ បើមិនទៅបោះឆ្នោត។

កាលណាចង់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធិសភា ​ត្រូវចេញទៅបោះឆ្នោត ២ ដងជាប់គ្នា ហើយបោះឆ្នោតសកលទៀត។

ប៉ុន្តែបើចង់ឈរឈ្មោះ​ឱ្យគេបោះឆ្នោត​ត្រឹមក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ឬឃុំ សង្កាត់គឺបោះឆ្នោតសាកលតែម្ដងនោះទេ។

បើតាមលោក ជិន ម៉ាលីន ប្រសិនបើគាត់មិនចេញទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ ២០២៣ ខាងមុខនេះទេ ​គាត់នឹងបាត់បង់ឱកាស​ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន ៤ ដែលមានទី១ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ ២០២៤ ទី២ គាត់ក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ​នៅឆ្នាំ ២០២៤នេះផងដែរ ទី៣ មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោត​ ជាសមាជិកក្រុប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ ២០២៥ និងទី៤​មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោត​ជ្រើសតាំងជាតំណាង​រាស្ត្រ​ក្នុងការបោះឆ្នោតនិតិកាលទី ៨ ឆ្នាំ ២០២៨។

ចំពោះអង្គការសង្គមស៊ីវិលដែលលើកឡើងថា វិសោធនកម្មច្បាប់បោះឆ្នោតនេះធ្វើឡើង បំពាន​លទ្ធិប្រ​ជាធិបតេយ្យ សិទ្ធិសេរីភាពរបស់​ពលរដ្ឋផ្នែកនយោបាយ​ លោកអះអាងថា ការលើកនេះ ក៏មិនត្រឹមត្រូវនោះដែរដោយសារ​ពួកគាត់មិនយល់ច្បាស់ពីខ្លឹម​សារប្រ​ជាធិបតេយ្យ និងការបោះឆ្នោត​នៅក្នុងសង្គមប្រជាធិបតេយ្យ។

​នៅសង្គមប្រជាធិបតេយ្យគេរៀបចំឱ្យការបោះឆ្នោត​មានគុណភាព​ ដើម្បីឱ្យការបោះឆ្នោត​មួយមានគុណភាព​លុះត្រាតែអ្នកទៅបោះ​ជាអ្នកបោះមានគុណភាព​ ហើយអ្នកដែលឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត គឺជាអ្នក​ដែលមានគុណភាពដែរដែលមានលក្ខណ្ឌកំណត់អាយុ សញ្ជាតិ ឬអ្នកដែល​មានពិរុទ្ធជាដើម។

លោក ជិន ម៉ាលីន បញ្ជាក់ថា គោលដៅនៃការធ្វើច្បាប់នេះ គឺដើម្បីការពារការបោះឆ្នោតថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខណៈមានជនមួយចំនួន​មានចេតនាទុច្ចរិត​ក្នុងការបំផ្លាញ​ដំណើរការនៃការបោះឆ្នោត​ ដែលការអនុម័តច្បាប់នេះក្នុងគោលដៅការ​ពារដំណើរការប្រជាធិបតេយ្យ។

ការអនុម័តរបស់សមាជិកព្រឹទ្ធសភា គឺតំណាងឱ្យប្រជាពលរដ្ឋ ដែលកើតចេញពីការបោះឆ្នោត និងស្របតាមច្បាប់។ ការលើកឡើងរបស់អង្គការសង្គមស៊ីលទាំងនោះ មិនផ្អែកលើមូលដ្ឋានច្បាប់ និងខ្លឹមសារពិតប្រាកដនៃសេចក្ដីព្រៀងច្បាប់នៃវិសោធនកម្មនោះទេ គឺមានចរិតនយោបាយដែលសង្គមស៊ីវិលតែងតែធ្វើកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម