ព័ត៌មានជាតិ
មកដឹងថា តើតំបន់ការពារធម្មជាតិ មានប៉ុន្មាននៅកម្ពុជា ហើយនៅតំបន់ណាខ្លះ?
តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ណាស់នៅកម្ពុជា អាចធានាបាននូវការការពារសត្វព្រៃគ្រប់ប្រភេទដែលជិតផុតពូជ អាចថែរក្សារុក្ខជាតិសំខាន់ៗ និងអភិរក្សជីវៈចម្រុះផ្សេងទៀត។ តើអ្នកដឹងទេថា កម្ពុជាមានតំបន់ការពារធម្មជាតិប៉ុន្មាន? ហើយមាននៅទីណាខ្លះ និងទំហំដីប៉ុន្មាន?

បើតាមសៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំងនោះរួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់ដែលទទួលស្គាល់ដោយ បញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុងសៀវភៅនោះ ក៏បានបង្ហាញពីពីការចែកចេញតំបន់ការពារធម្មជាតិជា ៨ ប្រភេទ ដូចខាងក្រោម៖
១.តំបន់ឧទ្យានជាតិ
តំបន់ឧទ្យានជាតិ ជាតំបន់ដែលមានសត្វកម្រជាច្រើន ដែលមាន ១១តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ១.៧១៧.៦១៤ ហិកតា។ ឧទ្យានជាតិទាំង១១ មានដូចជា ឧទ្យានជាតិគិរីរម្យ, ឧទ្យានជាតិភ្នំបូកគោ, កែប, ព្រះសីហនុ (រាម), បុទុមសាគរ, ភ្នំគូលែន, វ៉ឺនសៃ -សៀមប៉ាង, វីរៈជ័យ, ជួរភ្នំក្រវាញកណ្តាល, អូយ៉ាដាវ និងជួរភ្នំក្រវាញខាងត្បូង។
២.តំបន់ដែនជម្រកសត្វព្រៃ
តំបន់នេះ ជាតំបន់ដែលសម្បូរដោយសត្វព្រៃកម្រ និងជិតផុតពូជ សំដៅដល់តំបន់ដែនដីគោក ឬ ដែនដីទឹក ដែលតម្រូវឱ្យមានការអន្តរាគមន៍យ៉ាងសកម្ម ដើម្បីធានាឱ្យបាននូវការថែរក្សាសត្វព្រៃ ទីជម្រករបស់ពួកគេ និងរុក្ខជាតិកម្រផ្សេងៗ។
ដែនជម្រកសត្វព្រៃចែកចេញជា ១៩តំបន់ផ្សេងៗគ្នា មានដូចជាដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, ពាមក្រសោប, ភ្នំសំកុស, គូលែន-ព្រហ្មទេព, បឹងពែរ, លំផាត់, ភ្នំព្រេច, ភ្នំណាមលៀវ, ព្រៃឡង់, ព្រះរកា, ឆែប, តាតៃ, កែវសីមា, ស្រែពក, ភ្នំត្នោត ភ្នំពក, សង្ឃរុក្ខាវ័ន, ព្រែកប្រសព្វ, សំបូរ និងសៀមប៉ាង។ សរុបផ្ទៃដីសរុបទាំង៣០តំបន់ នោះមានចំនួន ៣.៥៦៧.០៤៣,៧៣ ហិកតា។

៣.តំបន់ទេសភាព
តំបន់ទេសភាព គឺជាតំបន់ក្នុងដែនដីគោក ឬ ដែនដីទឹក ដែលរងអន្តរអំពើរបស់មនុស្ស ទៅលើធម្មជាតិ ដោយបង្កើតជាតំបន់ដែលមានលក្ខណៈប្លែក ខាងផ្នែកសោភ័ណ្ឌភាពធម្មជាតិ ឬ កែច្នៃ អេកូឡូស៊ី ឬ វប្បដម៌ និងសម្បូរដោយជីវៈចម្រុះ។
តំបន់នេះត្រូវបានបែងចែកជា ១៤តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ១៥៣.៨៤៧,៤១ ហិកតា។ តំបន់ទាំង១៤នោះមានដូចជា តំបន់ការពារអង្គរ, បន្ទាយឆ្មារ, ព្រះវិហារ, អន្លង់ព្រីង, ទំនាបខាងជើងទន្លេសាប, បឹងព្រឺកល្ពៅ, អាងត្រពាំងថ្ម, ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ), រនាមដូនសំ, សំបូរព្រៃគុក, បឹងលំកុដ, ភ្នំក្រាំងដីមាស, បឹងយ៉ាកអោមយ៉ាកការា និងព្រែកទប់។
៤.តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់នេះ គឺជាតំបន់សម្បូរដោយប្រព័ន្ធធម្មជាតិ មិនទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រងដើម្បីការពារ នូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់រយៈពេលយូរ។ ជាមួយគ្នានេះ អាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់តាមតម្រូវការសហគមន៍។
តំបន់ប្រើប្រាស់ច្រើនយ៉ាងមាន ៩តំបន់ផ្សេងៗគ្នាដូចជា តំបន់ដងពែង, សំឡូត, បឹងទន្លេសាប, ពញាក្រែក, ព្រែកទឹកសាបក្បាលឆាយ, ភ្នំនាងកង្រី ភ្នំទូកមាស, សសរស្តម្ភសត្វតោ, បឹងយក្ខឡោម, ទួលព័ន្ធតាឡី-បឹងស្នេហ៍។ សរុបទាំងអស់មានផ្ទៃដី ៤១៩.៣៥៣ ហិកតា។

៥.តំបន់រ៉ាមសារ
តំបន់រ៉ាមសារ សំដៅដល់តំបន់ដីសើម ដែលគេចាត់ទុកថាជាតំបន់មានសារៈសំខាន់ផ្នែកអេកូឡូស៊ី ឬ ជីវៈចម្រុះ ជាលក្ខណៈអន្តរជាតិ។ តំបន់នេះមាន ៥តំបន់ផ្សេងគ្នា និងមានផ្ទៃដី ៦០.៩៩៥ ហិកតា។ តំបន់ទាំង ៥នោះមានដូចជា ស្ទឹងត្រែង, កោះកាពិ, បឹងទន្លេឆ្មារ, ព្រែកទាល់ និងស្ទឹងសែន។
៦.តំបន់ស្នូលនៃបឋនីយជីវមណ្ឌល
គឺជាតំបន់ដែលតំណាងឱ្យប្រព័ន្ធអេកូឡូស៊ី មានសារៈសំខាន់ និងពុំរងការខូចខាតខ្លាំង ព័ទ្ធជុំវិញដោយតំបន់ប្រើប្រាស់ដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យមានសកម្មភាពមនុស្សក្នុងកម្រិតមួយមានកំណត់។ តំបន់ការពារនេះមាន៣តំបន់ដូចជា ព្រែកទាល់ ស្ទឹងសែន និងបឹងទន្លេឆ្មារ មានផ្ទៃដី ៤២.២៥៧ ហិកតា។
៧.តំបន់បេតិកភណ្ឌធម្មជាតិ
តំបន់ការពារមួយនេះ សំដៅដល់ដីគោក ឬ ទឹក ដែលមានលក្ខណៈពិសេសពីធម្មជាតិ ឬ ពាក់កណ្តាលកែច្នៃធម្មជាតិ និងលេចធ្លោ ប្លែកពីគេ ជាតំបន់កម្រ មានគុណភាពដែលតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬ សារៈសំខាន់ផ្នែកវប្បធម៌។ តំបន់បេតិកភណ្ឌធម្មជាតិមាន ១៣តំបន់ និងមាន ២៨.៨២៧,៨៣១ ហិកតា។ តំបន់ទាំងនោះមានដូចជា តំបន់ភ្នំត្បែង, ភ្នំយ៉ាត, ភ្នំប្រាំងពីរ, ភ្នំជញ្ជាំង, ភ្នំគិរីយង់, ភ្នំទាក់ទ្រាំង, ភ្នំព្រះនេត្រព្រះ, ភ្នំព្រះ ភ្នំវែង, ភ្នំយាយសំ, ភ្នំបាក់, ភ្នំស្វាយ, ភ្នំព្រះគុហារហ្លូង និងភ្នំទទុង ភ្នំតូច។
៨.តំបន់ឧទ្យានជាតិសមុទ្រ
សំដៅដល់ឆ្នេរសមុទ្រ ទទួលឥទ្ធិពលជំនោរសមុទ្រ លាយឡំជាមួយនឹងទឹកពីព្រៃភ្នំ រួមទាំងហោះ គ្របដណ្តប់ដោយព្រៃឈើ រុក្ខជាតិ សត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ ដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងតម្លៃវប្បធម៌ ហើយជាតំបន់ទទួលស្គាល់ដោយច្បាប់ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។ តំបន់ឧទ្យានជាតិសមុទ្រមានតែមួយគត់ គឺនៅ កោះរ៉ុង ខេត្តព្រះសីហនុ និងកោះកុង មានផ្ទៃដី ៥២.៤៤៨ ហិកតា។

ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង៨ ក៏មានរបៀងអភិរក្ស ៣ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និងនៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុបផ្ទៃដីទាំងអស់នៃតំបន់ការពារធម្មជាតិនៅកម្ពុជាគឺមាន ៧.៥១៥.៣៤២,២៧១ ហិកតា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


