Connect with us

ព័ត៌មានជាតិ

រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​ទស្សនា ក្នុង​តំបន់​អង្គរ បាន​ជាង ២​លាន​៦៤​ម៉ឺន​នាក់

បានផុស

នៅ

​សៀម​រា​ប ៖ មន្ដ្រី​ជំនាញ​ផ្នែក​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្ករ ក្នុង​រយៈ​ពេល ៧​ខែ​ឆ្នាំ​២០២៣​នេះ មាន​ចំនួន​ជាង ២,៦៤៣,០០០​នាក់ មានការ​កើន​ឡើង​គួរ​ឱ្យ​កត់សំគាល់ បើ​ប្រៀបធៀប​នឹង​រយ​:​ពេល​ដូចគ្នា ឆ្នាំ២០២២​។

លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ វប្បធម៌​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា ក្នុងចំណោម​ភ្ញៀវ​ទស​ចរ​ជាតិ និង​អន្ដរជាតិ​ជាង ២,៦៤៣,០០០​នាក់​នោះ មាន​លំហូរ​ភ្ញៀវទេសចរ​ខ្មែរ ចំនួន ២,២០៣,៦៩៦​នាក់ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ មាន ៤៣៩,៣៦៥​នាក់ ខណៈ​ដែល​ឆ្នាំ​២០២២​កន្លងមក មាន​ភ្ញៀវ​បរទេស​មក​ទស្សនា​តំបន់​អង្គរ ត្រឹមតែ ៨៣,៨៥៤​នាក់​ប៉ុណ្ណោះ​។

លោក​បាន​បន្ដ​ថា ក្នុង​រយៈ​ពេល​៧​ខែ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០២៣​នេះ មាន​អ្នកទេសចរ​សរុប​ចំនួន ២,៦៤៣,០៦១​នាក់​។ លោក​បាន​បន្ដ​ថា ចាប់ពី​ខែកញ្ញា ​ឆ្នាំ​២០២៣​ខាងមុខនេះ ភ្ញៀវទេសចរ​អាច​នឹង​កើន​ឡើង ខណៈ​ដែល​រាជរដ្ឋាភិបាល បើ​ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​នៅ​ពាក់កណ្ដាល​ខែតុលា​ខាងមុខ​។

ពាក់ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ យើង​សង្ឃឹមថា នឹង​មាន​ការ​កើនឡើង​នៅ​ក្នុង​ខែ​៩ រហូតដល់​ចុងខែ​ធ្នូ អត្រា​ចំនួន​ភ្ញៀវ​មានការ​កើន​ឡើង​នូវ​ភ្ញៀវទេសចរ​អន្ដរជាតិ ព្រោះ​បើ​យើង​ប្រៀបធៀប​ភ្ញៀវ​ទេសចរ ៧​ខែ កាលពី​ឆ្នាំ​២០២២ កន្លងមក មានតែ ៨​ម៉ឺន​នាក់​ជាង ដល់​ឥឡូវ​នៅ​ឆ្នាំ​២០២៣​មាន​រហូត​ជិត​ទៅដល់ ៤៤​ម៉ឺន​នាក់ ចឹ​ង​វា​មានការ​កើនឡើង​ប្រហែល​ជាង ៤០០​ភាគរយ​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញ​ថា នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣ ចំនួន​ភ្ញៀវ​ចរ​បរទេស និង​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៥៣,៥៩៦​នាក់ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​នឹង​ឆ្នាំ​២០២២ កើន​ឡើង​ជាង ១២៤​ភាគរយ។

ដោយ​បាន​ចំណូល​ថវិកា ២,៤៣៩,៩២៧​ដុល្លារ បើ​រៀប​ធៀប​នឹង​ឆ្នាំ​២០២២ កើន​ឡើង​ជាង ១៥៤​ភាគរយ​។ ចំណូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ខែកក្កដា ​ឆ្នាំ​២០២៣ ចំនួន ១០៧,១៩២​ដុល្លារ​។ សេចក្ដីប្រកាស​ដដែល​បាន​បន្ថែម​ថា ក្នុង​រយៈ​ពេល ៧​ខែ ឆ្នាំ​២០២៣​នេះ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ សម្រាប់​ភ្ញៀវទេសចរ​អន្ដរជាតិ មាន​ចំនួន ២,០៣១,៧៣៤៥​ដុល្លារ កើន​ឡើង​ជាង ៥០០​ភាគរយ ប្រៀបធៀប​ក្នុង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២២​កន្លងមក ខណៈ​ដែល​ភ្ញៀវទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រ​មាន​ចំនួន ៤៣,៩៣៦៥​នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០២២ ជាង ៤០០​ភាគរយ​ក្នុង​រយៈ​ពេល ៧​ខែ​នេះ​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ដ​ថា ​ចំណូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈ​ពេល ៧​ខែ​ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន ៨៧៨,៧៣០​ដុល្លារ​។ ចំណូល​ពី​ការ​លក់​បណ្ណ​នៅ​ប្រាសាទ​កោះកែរ សម្រាប់​ខែកក្កដា មាន​ចំនួន ១០,៥៩០​ដុល្លារ និង​រយៈ​ពេល ៧​ខែ មាន​ចំនួន​ជាង ១០​ម៉ឺន​ដុល្លារ​។ ចំណូល​ពី​ការ​លក់​សំបុត្រ​ទូក​រយៈ​ពេល ៧​ខែ ឆ្នាំ​២០២៣ មាន​ចំនួន ៣២៨, ៦៦៨​ដុល្លារ​៕

ដោយ ៖ គឿន​វេត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម