Connect with us

ព័ត៌មានជាតិ

ក្រោយ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ភ្លាម សម្តេច ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​កម្មករ​ភ្លែត

បានផុស

នៅ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃស្អែក​ទី​៩ ខែកញ្ញា​នេះ បន្ត​បេសកកម្ម​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​។

ជំនួប​នេះ គឺធ្វើឡើង​ភ្លាមៗ​ក្រោយ​ការវិលត្រឡប់​ពី​ចូ​ល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​យប់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣​។ ជំនួប​ដែល​ធ្វើឡើង​លើក​ទី​៣​នេះ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ ៣១-៣២ ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ជំនួប​នេះ ជា​លើក​ទី​បី​ក្នុង​បេសកកម្ម​ជួប​កម្ម​កររ​បស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ដែល​បន្ត​ចុះសួរសុខទុក្ខ​កម្មករ​ដោយ​លើក​ទី​១ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែសីហា នៅ​តំបន់​ព្រៃ​ស្ពឺ រាជធានី​ភ្នំពេញ មាន​កម្មករនិយោជិត​ចូលរួម​ចំនួន ១៨,០១៣​នាក់ លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​កម្មករ និយោជិត​ចូលរួម ១៨,២៨៩​នាក់​។

សូម​រំលឹក​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចង្អុល​បង្ហាញ​ការងារ​អាទិភាព​ចំនួន​៦ ជូន​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ឆ្នាំ​២០២៣​នេះ​ដែល​រួមមាន ទី​១៖ ខិតខំ​សម្របសម្រួល​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យបាន​ល្អ ដោយ​ឈរលើ​លក្ខណៈ​វិទ្យាសាស្ត្រ និង​លក្ខណៈវិនិច្ឆ័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ឱ្យបាន​មុនពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។

ទី​២៖ រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ​ជាបន្ទាន់ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ដើម្បី​ជួយ​សម្រាល​បន្ទុក ចំណាយ​ផ្នែក​ថែទាំ​សុខភាព​របស់​កម្មករ​និយោជិត និង​ក្រុមគ្រួសារ​ឱ្យបាន​លឿន និង​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​កម្មករនិយោជិត ព្រមទាំង​បង្កើត​យន្តការ​ងាយស្រួល​សម្រាប់​កម្មករនិយោជិត​អាច​ចូលរួម​ជាមួយនឹង​កម្ម​វិធី​នេះ​។​

ទី​៣៖ រៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ចំនួន​ប្រមាណ ១.៥​លាន​នាក់ និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​អាច​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ផងដែរ ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព ការងារ​នៅ​កន្លែង​ការងារ ដោយ​ត្រូវ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នៅ​វេន​ពេលយប់ ឬ​ចុង​សប្ដាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​៤៖ ត្រូវ​ជំរុញ​ការអនុវត្ត​កាតព្វកិច្ច​ហ្វឹកហ្វឺន​កូនជាង​ឱ្យបាន​ពេញលេញ​ស្របតាម​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​កម្មវិធី​ហាត់​ការ កម្មសិក្សា កម្មវិធី​បង្កើន​ជំនាញ និង​ការរៀបចំ​ជំនាញ​ឡើងវិញ ដោយ​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ក្នុងការ​បណ្តុះបណ្តាល​កម្ម​ករ និយោជិត និង​ផ្ដល់​ការបណ្តុះបណ្តាល​បន្ថែម​ដល់​កម្មករនិយោជិត​ដែល​កំពុងធ្វើការ ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ បង្កើន​ផលិតភាព និង​លទ្ធភាព​នៃ​ការបង្កើន​ប្រាក់​ឈ្នួល​។​

​ទី​៥៖ យកចិត្តទុកដាក់​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទាំង​មុនពេល​សម្រាលកូន ពេល​សម្រាលកូន និង​ក្រោយពេល​សម្រាលកូន​ឱ្យបាន​ល្អ និង​កាន់​តែមាន​ភាពងាយស្រួល​។ ហើយក៏​ត្រូវ​ធានា​ផងដែរ​ថា ស្ត្រី​មាន​ផ្ទៃពោះ និង​ជន​មាន​ពិការភាព​បានចេញ​ធ្វើការ​មុន ១៥​នាទី​។​

​និង​ទី​៦៖ បង្កើតឱ្យមាន​កម្មវិធី​ប្រកួតប្រជែង​លើ​ប្រធានបទ ភាពសុខដុមរមនា​នៅ​កន្លែងធ្វើការ ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ដ​មួយ ចាប់ពី​ឆ្នាំ​២០២៤​នេះ​តទៅ​។​

​បន្ថែម​ពីនេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ផែនការ​សកម្មភាព​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​យកចិត្តទុកដាក់​អនុវត្តន៍​លើ​ការងារ​អាទិភាព​ចំនួន​៤​ទៀត​រួមមាន​៖ ទី​១៖ សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​កម្មករនិយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍ នៅតាម​តំបន់​ដែលមាន​រោងចក្រ ដោយមាន​ការចូលរួម​ទ្រទ្រង់​ពី​និយោជក និង​ភាគី​ពាក់ព័ន្ធ​នានា​។

ទី​២៖ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជំរុញ​ការកែលម្អ​កន្លែង​ហូបបាយ ឬ​អាហារ​ដ្ឋា​ន​នៅតាម​រោងចក្រ ដែល​កំពុងដំណើរការ​ឱ្យបាន​សមរម្យ​សម្រាប់​កម្មករនិយោជិត និង​តម្រូវឱ្យមាន​ការរៀបចំ​កន្លែង​ហូបបាយ ឬ​អាហារ​ដ្ឋា​ន​សម្រាប់​រោងចក្រ​ដែល​ត្រូវបង្កើត​ថ្មី​។​

​ទី​៣៖ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សិក្សា​យន្តការ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យមាន​ការផ្លាស់ប្ដូរ​ជា​បណ្តើរៗ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត ដែល​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង ផាសុកភាព​ជាង​មុន​ត្រឹម​ឆ្នាំ​២០២៧​។

និង​ទី​៤៖ ជំរុញ​កម្មវិធី​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ ដែលជា​ឱកាស​សម្រាប់​កម្មករនិយោជិត ទាំង​ក្នុង និង​ក្រៅប្រទេស​អាចមាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​មួយ ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​កម្រិត​ជំនាញ​របស់ខ្លួន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម