ព័ត៌មានជាតិ
ទំនិញកម្ពុជា នាំចេញទៅទីផ្សារចិន និងវៀតណាមកើនឡើង ខណៈទៅអាមេរិកបន្តធ្លាក់ចុះ
គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា ទៅទីផ្សារចិន និងវៀតណាម នៅតែមានកំណើនល្អ ខណៈការនាំចេញទៅទីផ្សារអាមេរិក នៅបន្តធ្លាក់ចុះ ៤.៨ ភាគរយ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមរបាយការណ៍គយ បានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារប្រទេសវៀតណាម ចាប់ពីខែ មករា ដល់ខែ សីហា ឆ្នាំ ២០២៣ សម្រេចបាន ១.៨៥ពាន់លានដុល្លារ កើនឡើងជាង ២៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានទំហំ ១.៤៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែក សម្រាប់ខែ សីហា ការនាំចេញទៅវៀតណាម សម្រេចបានជាង ២៥៣លានដុល្លារ កើនឡើង ៧៧.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ចំណែកក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន សម្រេចបានជិត ៩៤០លានដុល្លារ កើនឡើងប្រមាណជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០២២ សម្រេចបានតែជាង ៨០០លានដុល្លារ ប៉ុណ្ណោះ។ សម្រាប់ពេញមួយខែ សីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅទីផ្សារចិនសម្រេចបានជាង ១២៥លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងឆ្នាំ ២០២២។
ដោយឡែកក្រឡែកទៅមើលរបាយការណ៍គយដដែលនេះ ចំពោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បន្តធ្លាក់ចុះ៤.៨ភាគរយ រយៈពេល៨ខែនេះ ពោលគឺសម្រេចបាន ៦.១១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ៦.៤២ ពាន់លានដុល្លារ។ ប៉ុន្តែសម្រាប់ខែ សីហា ការនាំចេញទំនិញរបស់កម្ពុជា ទៅអាមេរិក សម្រេចបាន ៩៣៣លានដុល្លារ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
សូមបញ្ជាក់ថា រយៈពេល ៨ខែ ឆ្នាំ ២០២៣នេះ កម្ពុជា បានធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិមានទំហំទឹកប្រាក់ជាង ៣១.៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៣៧.៤ពាន់លានដុល្លារអាមេរិក។ ចំណែកកាលពីឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានចំនួនសរុប ៥២.៤២ពាន់លានដុល្លារ កើន ៩.២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួនជាង ៤៨ពាន់លានដុល្លារ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ