Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ លោក-លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា។

នៅក្នុងទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែងការគួរសមដោយឡែកពីគ្នាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន ផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី ២០ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។

ស្របពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម