ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំង ក៏ដូចជាធ្វើឲ្យខូចផ្លូវសាធារណៈ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទទូចស្នើទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាត្រួតពិនិត្យលើក្រុមរថយន្តដឹកដី ដែលធ្វើអោយប៉ះពាល់បរិស្ថាន។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ការស្នើសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាដាក់គោល ដៅត្រួតពិនិត្យក្រុមរថយន្តដឹកដីបែបនេះ ដោយសារតែបង្កផលប៉ះពាល់បរិស្ថានទូទៅ ដីធ្លាក់ក្តាំងពេញផ្លូវ ហុយទ្រលោម ដឹកដីមិនគ្របតង់ ជាពិសេសធ្វើឲ្យខូចផ្លូវតែម្តង ។
ក្រុមរថយន្តដឹកដី បើកបរចេញពីរណ្តៅដីជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ។ ក្រុមរថយន្តដឹកដីទាំងអស់នេះ ក៏តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដីទាំងអស់នេះ ភាគច្រើនគឺគ្មានស្លាកលេខទៀតផង។
ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដីនេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថានពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដីធ្វើចរាចរណ៍ផងដែរ ។
ជុំវិញករណីនេះកាលពីកន្លងទៅ មន្ត្រីសាលាសង្កាត់សាក់សំពៅប្រាប់ឲ្យដឹងថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើឲ្យខូចផ្លូវសាធារណៈ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មានចំនួន២ក្រុមហ៊ុនធំៗ រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងមាន៣ទៅ ៤ក្រុមហុ៑នផ្សេងទៀតផងដែរ បច្ចុប្បន្នកំពុងបើកបរដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ។ រៀងរាល់ថ្ងៃប្រជាពលរដ្ឋពិបាករស់នៅណាស់ ដោយសារមួយថ្ងៃៗឃើញរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ក្នុងល្បឿនលឿនៗ បង្កឲ្យដីហុយទ្រលោម ពេលខ្លះហូបបាយស្ទើរមិនកើត ព្រោះដីហុយខ្លាំងពេក ។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់នោះ កុំអោយបើកបររថយន្តលឿនៗពេក ហើយត្រូវគ្របអោយបានត្រឹមត្រូវ ជាពិសេស សូមជួយស្រោចទឹក ឬ គៀរកំណកអាចម៍ដី នៅលើដងផ្លូវអោយញឹកញាប់ផង ដើម្បីកុំឲ្យប៉ះពាល់បរិស្ថានទូទៅ ។
បើតាមការបញ្ជាក់ពីពលរដ្ឋប្រាប់ឲ្យដឹងថា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានរណ្តៅដី ការដ្ឋានបូមខ្សាច់់ជាច្រើនកន្លែង កំពុងបើកអាជីវកម្មដឹកជញ្ជូន១ថ្ងៃៗ រាប់សិបឡាន ហើយក៏តែងតែបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំងផងដែរ ទៅដល់មូលដ្ឋានខេត្តកណ្តាលខ្លួនឯងផ្ទាល់ផង រហូតឈានមកដល់ខណ្ឌដង្កោថែមទៀតផង៕
អត្ថបទ ៖ រ៉ាវុទ្ធ