សន្តិសុខសង្គម
បង្ក្រាបទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ មានសារធាតុគីមី ១ កន្លែង នៅខណ្ឌដង្កោ
សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ ទីតាំង មានសារធាតុគីមី ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញ បានរកឃើញខ្ញីដុំមិនទាន់ហាន់ ២០៩ ថង់ ស្មើ ២១៤០ គីឡូក្រាម មានសារធាតុគីមី គ្មានស្លាកសញ្ញា ជាសាជូរ ១៧ បាវ ស្មើ ១៧០ គីឡូក្រាម ,ម៉ាស៊ីនហាន់ខ្ញី ២ គ្រឿង ទម្ងន់ស្មើនឹង ១០០ គីឡូក្រាម ,ម៉ាស៊ីនលាងខ្ញី ១ គ្រឿង ទម្ងន់ ៥០០ គីឡូក្រាម ,ខ្ញីហាន់រួចមានលាយសារធាតុគីមីត្រាំ Sodium Hydrosufit ចំនួន ២៥ គីឡូក្រាម និងសារធាតុគីមីម្យ៉ាងឈ្មោះ Sodium Hydrosulfite ប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារ ចំនួន ១.៥ គីឡូក្រាម។

មន្ត្រីជំនាញ លើកឡើងថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាករូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឲ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។ យោងតាមការអះអាងពីម្ចាស់ទីតាំងខាងលើ សារធាតុគីមីទាំងនេះ គាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញ បានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥ គីឡូក្រាម យកមករក្សាទុកជាបណ្ដោះអាសន្ននៅសាខា ក.ប.ប រាជធានី។ ឃាត់ជាបណ្ដោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន ២០៦៥ គីឡូក្រាម។ ហើយយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ឬបង្កជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង។ ទន្ទឹមនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្ដឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


