ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌា យល់ព្រមបន្តពង្រឹងបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ច ខណៈមានការហោះហើរត្រង់
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរ។

នេះគឺជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ក្នុងជំនួបរវាង លោក ហេង សួរ និងលោកស្រីឯកអគ្គរដ្ឋទូតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានឆ្លើយតបព្រមព្រៀងគាំទ្រដល់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋកម្ពុជាលើវិស័យបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែម ខណៈដែលឥណ្ឌាក៏ជាប្រទេសដែលមានវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារីកចម្រើន។

តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងម្ហូបអាហារនេះ គឺជាគន្លឹះមិនអាចខ្វះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា ខណៈដែលអាហារដ្ឋានតាមបែបឥណ្ឌានៅកម្ពុជាមានតិចតួចនៅឡើយ។ ការបញ្ជាក់ពីការឯកភាពលើកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរនាពេលនេះ គឺធ្វើឡើងក្នុងខណៈដែលកម្ពុជា និងឥណ្ឌានឹងមានការហោះហើរត្រង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ តាមរយៈនៃការហោះហើរត្រង់រវាងប្រទេសដែលមានទំនាក់ទំនងវប្បធម៌ប្រពៃណី និងសាសនានេះ នឹងជួយជំរុញបន្ថែមទៀតលើវិស័យទេសចរដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។

ភាគីទាំងពីរ បានឯកភាពលើកិច្ចសហការគាំទ្រការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និង ម្ហូបអាហារតាមតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌា ដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសយក្សដ៏ធំនៅអាស៊ីមួយនេះ ឱ្យមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបន្ថែមពីលើទំនាក់ទំនងវប្បធម៌ និងសាសនារវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ លោក ហេង សួរ បានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិត១ដល់យុវជនមកពីគ្រួសារក្រ១ ក្រ២(គ្រួសារដែលអាជ្ញាធរចេញបណ្ណក្រីក្រ) និងគ្រួសារងាយរងហានិភ័យតាមកម្មវិធីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


