Connect with us

ព័ត៌មានជាតិ

សហជីពដាក់សំណើ ១១ ចំណុច ជូនរដ្ឋាភិបាល ជួយដោះស្រាយក្តីកង្វល់របស់ កម្មករ សម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៧ កញ្ញា​នេះ​ថា ភាគី​សហជីព​បាន​ឯកភាព​គ្នា​ដាក់​សំណើ​ចំនួន ១១ ចំណុច ជូន​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ក្តីកង្វល់​របស់​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ ២០២៤ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា សំណើ​ចំនួន ១១ ចំណុច រួមមាន ៖ ១.ស្នើសុំ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​បាន​ដំឡើង បូក​បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត ដែល​មាន​ស្រាប់។ ២.​ស្នើសុំ​បន្ត​បញ្ចុះតម្លៃ​ទឹក​ភ្លើង និង​ត​បណ្តាញ​ទឹក និង​ភ្លើង​បន្ថែម​ដល់​ផ្ទះ​ជួល​របស់​កម្មករ​និយោជិត​នៅ​កន្លែង​ដែល​មិនទាន់​បាន​ត​ភ្ជាប់​។ ៣.​ស្នើសុំ​ក្រុមហ៊ុន​ផ្តល់​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ឥតគិតថ្លៃ ឬ បន្ថែម​ប្រាក់​លើ​មធ្យោបាយ​ធ្វើដំណើរ ឬ ថ្លៃ​ស្នាក់នៅ​របស់​កម្មករ ចំនួន ៨ ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ប្រាក់​មាន​ស្រាប់​ចំនួន ៧ ដុល្លារ​អាមេរិក សរុប​ចំនួន ១៥ ដុល្លារ​អាមេរិក ក្នុង​មួយខែៗ។ ៤.​ស្នើសុំ​និយោជក​ផ្តល់​អាហារ​ថ្ងៃត្រង់ ឬ ប្រាក់​ចំនួន ១ ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ ជូន​ដល់​កម្មករ។ ៥.​ស្នើសុំ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​លើ​វិស័យ​ផ្សេង​ទៀត ដូច​ទៅ​នឹង​កម្មករ​វិស័យ​កាត់ដេរ។ ៦.​ស្នើសុំ​បេឡា​ជាតិ​សន្តិសុខ​សង្គម ពង្រីក​ការ​ចុះបញ្ជី​សមាជិក និង​ពង្រឹង​សេវា​របប​សន្តិសុខ​សង្គម ឲ្យ​មាន​គុណភាព​ល្អ ជាពិសេស​ជំរុញ​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ និង​ផាក​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បាន​លាក់​ចំនួន​កម្មករ និង​មិន​បាន​ចុះបញ្ជី​កម្មករ និង​ជំរុញ​ក្រសួងសុខាភិបាល​ចាត់វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​គ្រូពេទ្យ ឬ មន្ទីរពេទ្យ​ណាមួយ ដែល​មាន​ការ​រើសអើង និង​មិនបាន​គោរព​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ពេល​ព្យាបាល​អ្នកជំងឺ​។ ៧.​ស្នើសុំ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ចុះបញ្ជី​ជូន​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ ឲ្យ​ទទួល​បាន​របប​ផ្នែក​ថែទាំ​សុខភាព និង​របប​ប្រាក់​សោធន​ដូច​កម្មករ​និយោជិត​ទូទៅ​ដែរ​។ ៨.ស្នើសុំ​បន្ត​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​ជូន​កម្មករ​ក្រៅ​ប្រព័ន្ធ​ឡើងវិញ ដោយ​មិនចាំបាច់​បញ្ជាក់​មុខរបរ​ពី​អាជ្ញាធរ​រាជធានី​-​ខេត្ត​ឡើយ​។ ៩.​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ថ្នាក់​ដឹកនាំ​សហជីព​ដែល​បាន​បញ្ឈប់ និង​បញ្ចប់​កិច្ចសន្យាការងារ ឲ្យ​ចូល​ធ្វើការ​វិញ រួម​ទាំង​សង​នូវ​ប្រាក់​រំលឹក ព្រមទាំង​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​នានា​ក្នុង​ប្រព័ន្ធ​តុលាការ និង​ដោះស្រាយ​វិវាទ​ដែល​ជាប់​គាំង​ទាំងអស់​កន្លងមក។ ១០.​ស្នើសុំ​ដាក់ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​លុបបំបាត់​ចំពោះ​ក្រុមហ៊ុន​ម៉ៅការ​បន្ត​ដែល​ខុសច្បាប់ និង ១១.ស្នើសុំ​ឧបត្ថម្ភ​សាច់ប្រាក់​ឲ្យ​បាន​ចំនួន ៥០% នៃ​ប្រាក់​ឈ្នួល​គោល​ពី​ក្រុមហ៊ុន និង​ពី​រដ្ឋាភិបាល តាមរយៈ​មូលនិធិ​ជំនួយ​សង្គម​ដល់​កម្មករ​និយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ និង​បាត់បង់​ការងារ ដូច​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដែរ។ ចំណែក​ភាគី​និយោជក​វិញ​បាន​ដាក់​សំណើ​ជួយ​ដោះស្រាយ​តែមួយ​ទេ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភស្តុភារ​កម្ម​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​។

ឧកញ៉ា ណា​ង សុធី អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ តំណាង​ភាគី​និយោជក ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ភាគី​និយោជក​បានដាក់​សំណើ​តែមួយគត់​ដល់​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​គឺ​ភស្តុភារ​កម្ម ក្នុង​នោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ចុះតម្លៃ ៣៥% នៃ​កញ្ចប់​បង់​ប្រចាំថ្ងៃ​។

ឧកញ៉ា ណា​ង សុធី បាន​បន្តថា ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​ភស្តុភារ​កម្ម ៣៥% នេះ ព្រោះថា​បច្ចុប្បន្ន​នេះ​ភស្តុភារ​កម្ម​ជា​ចំណុច​ដែល​អ្នក​វិនិយោគ​កំពុង​ប្រឈម និង​ជួប​ការ​លំបាក​ដោយសារ​មានការ​ចំណាយ​ច្រើន​លើស​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីបអាស៊ី​អាគ្នេយ៍​។​

ឧកញ៉ា ណា​ង សុធី បាន​បន្តថា​ «​ការបញ្ចុះ​ភស្តុភារ​កម្ម​នេះ​វា​ជា​អំណោយផល​ល្អ នៃ​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​ឆ្នាំ ២០២៥ ខាងមុខ ដែល​នៅសល់​ពេលវេលា​តែ ៩ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ហា​នេះ​បាន ការ​ពិភាក្សា​ប្រាក់​ឈ្នួល​នឹង​មាន​លទ្ធភាព​ច្រើនជាង និង​ងាយស្រួល​ជាង​»។

បើតាម ឧកញ៉ា ណា​ង សុធី សង្ឃឹម​ថា សំណូមពរ​របស់​ភាគី​និយោជក​នេះ រដ្ឋាភិបាល​នឹង​ពិចារណា និង​ដោះស្រាយ នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ក្នុង​កម្មវិធី​ជំនួប​រាជរដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​ខាងមុខ

ជាមិនខាន​ឡើយ​។

គួរ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា នឹង​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃទី ២៨ កញ្ញា​ស្អែក​នេះ ដើម្បី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៤។ ត្រីភាគី បាន​ដាក់​តួលេខ​រៀងៗ​ខ្លួន​រួចហើយ ក្នុង​នោះ​ភាគី​សហជីព​បាន​ដាក់​តួលេខ​ចំនួន ២ គឺ ២០៤ ដុល្លារ និង ២១៣ ដុល្លារ ភាគី​និយោជក​ដាក់​តួលេខ ២០១,៥ ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​ដាក់​តួលេខ ២០២ ដុល្លារ ខណៈ​បច្ចុប្បន្ន​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល ២០០ ដុល្លារ ក្នុង ១ ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម