ព័ត៌មានជាតិ
សហរដ្ឋអាមេរិកប្តេជ្ញាគាំទ្រប្រជាជន និងរួមចំណែកការអភិវឌ្ឍ កម្ពុជា
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរបស់ស្ថានទូត ចូលជួប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញា នៅវិមានសន្តិភាព ដើម្បីធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា លើបញ្ហាជាច្រើនដែលជាប្រយោជន៍រួម ដោយឯកអគ្គរដ្ឋទូតបានប្តេជ្ញាគាំទ្រប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍ នៃប្រទេសកម្ពុជា។

នៅក្នុងជំនួបខាងលើ លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែកដល់ការអភិវឌ្ឍ នៃប្រទេសកម្ពុជា ដែលអាចមើលឃើញតាមរយៈជំនួយបរទេសចំនួន ៣ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យកម្ពុជា ក្នុងរយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះ។ ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញនូវកម្មវិធីជំនួយបរទេសមួយចំនួនរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយ នៃជំនួយជារួម ដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃព្រះរាជាណាចក្រកម្ពុជាក្តី តែលោកឯកអគ្គរដ្ឋទូតបានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់ នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគី។
លោកឯកអគ្គរដ្ឋទូត Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អ របស់លោកនាយករដ្ឋមន្ត្រី ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក នៅក្នុងសប្តាហ៍ថ្នាក់ខ្ពស់ នៃមហាសន្និបាតរបស់ អង្គការសហប្រជាជាតិ ក្នុងពេលថ្មីៗនេះ នៅបូរីញូវយ៉ក ហើយបានកត់សម្គាល់ឃើញភាពជាដៃគូជាបន្តរបស់កម្ពុជា លើបញ្ហាសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក ដែលរួមមាន ការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ លើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការការពារបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពី វិបត្តិនៅប្រទេសភូមា។

លោកនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ហើយលោកឯកអគ្គរដ្ឋទូត បានសម្តែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើបេសកកម្មរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិក នៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Murphy បានសុំឱ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោនយោបាយការបរទេសដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍ នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែត ដោយបានកត់សម្គាល់ឃើញពីសារៈសំខាន់ នៃជំហរស្មោះត្រង់ជាសាធារណៈ របស់លោកនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសាកលនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ ១. ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ២. ការការពារបរិស្ថានប្រកបដោយចិរភាព ៣. ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង ៣. ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។ ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាព នៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឲ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។

គួររម្លឹកថា នៅក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមថា វិនិយោគិនអាមេរិក នឹងឃើញពីកាលនុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់កាលានុវត្តភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រឹងធុរកិច្ច ព្រមទាំងដោះស្រាយបញ្ហាប្រឈម ទាំងចាស់ និងថ្មី ដើម្បីជំរុញសន្ទុះ នៃការអភិវឌ្ឍ ឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រដ្ឋាភិបាល ក្នុងលើកកម្ពស់អភិវឌ្ឍ សម្រាប់ប្រយោជន៍ទៅវិញទៅមក។ ជាមួយសុខសន្តិភាពពេញកម្ពុជា រក្សាបានភាពរឹងមាំ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ដូចអាមេរិកដែរ ដោយកម្ពុជា ជឿជាក់លើសេរីភាព បានចាក់ឫសក្នុងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាល កម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្ស៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា