ព័ត៌មានជាតិ
ក្រសួងទេសចរណ៍សង្ឃឹមទទួលបានលទ្ធផលល្អក្នុងការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែបឆ្នាំ២០២៣នេះ
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្ត្រីក្រសួងទេសចរណ៍បានសង្ឃឹមថា ពិធីបុណ្យសមុទ្រនៅខេត្តកែបឆ្នាំ២០២៣នេះ នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុន ហើយភ្ញៀវទេសចរក៏នឹងចូលរួមកម្សាន្តមានការកើនឡើងថែមទៀតផងដែរ។

ការលើកឡើងមតិបើកអង្គប្រជុំរបស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តក្រសួង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចស្តីពីបង្កើតគណៈកម្មការអន្តរក្រសួង ត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣នៅខេត្តកែប បានប្រព្រឹត្តទៅនៅសាលប្រជុំ ខាងមុខសាលាខេត្តកែប នាថ្ងៃទី២៣ ខែតុលា ដោយមានវត្តមានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះបានមានមតិស្វាគមន៍លើកឡើងផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានសម្ដែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តកែបក្នុងដំណើរការអនុវត្តគម្រោងផែនការឆ្ពោះទៅកាន់ការរៀបចំនៃព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣នាពេលខាងមុខនេះ ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរទេសចរណ៍ស្អាត នៅខេត្តកែបដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់គណៈកម្មការ ក្នុងការរៀបចំនាំយកផលិតផល កសិផលដែលមានក្នុងស្រុក និងម្ហូបអាហារដាក់បង្ហាញតាំងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើបានដើម្បីបង្ហាញពីអត្តសញ្ញាណខេត្ត ក្នុងពិធីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបនេះដែរ។ លោកបានបន្តទៀតថា ការជំរុញឲ្យមានការតាំងបង្ហាញរូបភាព វិដេអូស្តីពីផលិតផលទេសចរណ៍នានា ដូចជាសហគមន៍ទេសចរណ៍ រមណីយដ្ឋានជាដើម គឺក៏ដើម្បីជាការបង្ហាញឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានឃើញ និងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត។ លោកក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហការគ្នាពិនិត្យលើការងារដែលសេសសល់ពីនេះទៅដល់ថ្ងៃប្រារព្ធពិធីបុណ្យសមុទ្រនៅថ្ងៃខាងមុខនេះ។

ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់ប្រតិភូដែលមកចូលរួមពិធីបុណ្យសមុទ្រ សម្រួលដល់ការធ្វើដំណើររបស់ក្រុមសិល្បករ សិល្បការិនី កីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិឲ្យបានល្អ។ លោករដ្ឋមន្ត្រីក៏បានជំរុញសាជាថ្មី ដល់អនុគណៈកម្មការ ត្រូវចុះទៅដល់ភោជនីយដ្ឋាន អាហាដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បូទិច បឹងកាឡូ ដើម្បីប្រាប់ឲ្យពូកគាត់ដាក់បង្ហាញ បញ្ជីរាយនាមមុខម្ហូបអាហារ សេវានានាឲ្យបានត្រឹមត្រូវ។

លោកបានបង្ហាញការសង្ឃឹមជឿជាក់ថា ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប ឆ្នាំ២០២៣ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមកលេងកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាន និងទីកន្លែងទេសចរណ៍នានាក្នុងខេត្តកែប។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានឲ្យដឹងអំពីលទ្ធផលការងារសម្រេចបានរបស់អនុគណៈកម្មការខេត្តទាំងទាំងអស់ រួមមានការងារពិព័រណ៍សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ ការងាររៀបចំមហោស្រពម្ហូបអាហារភេសជ្ជៈ និងអនាម័យបរិស្ថាន ការងាររៀបចំប្រារព្ធពិធី និងហេដ្ឋេចនាសម្ព័ន្ធ ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះ បន្ទាន់ និងការងារខ្លឹមសារ ពិធី ការនិងកិច្ចប្រជុំពាក់ព័ន្ធនិង ការងារផ្គត់ផ្គង់។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្ររយៈ ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ធ្នូររហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក៏មានកម្មវិធី កម្សាន្ត ជាច្រើនដូចជា ការសម្ដែងសិល្បៈ របាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាជាដើមផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


