ព័ត៌មានជាតិ
រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យជនបរទេសក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ នៅកម្ពុជាឡើយ
វិស័យឯកជន បានស្នើរាជរដ្ឋាភិបាល ឱ្យជនបរទេសមានសិទ្ធិទិញផ្ទះ និងដីស្របច្បាប់នៅកម្ពុជា ដើម្បីជំរុញវិស័យអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចជាតិ។

ឆ្លើយតបនឹងសំណើរនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានអនុញ្ញាតឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចក្លាយជាកម្មសិទ្ធិលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល និងនីតិបុគ្គល ដែលមានសញ្ញាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ សម្តេចថ្លែងបែបនេះនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបន្តដូច្នេះថា« ខ្ញុំគិតថា ចំពោះការដោះស្រាយបញ្ហាប្រឈមវិស័យអចលនទ្រព្យ បច្ចុប្បន្ននេះ ក៏មិនទាមទារការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ»។
ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីការធ្វើការសិក្សា និងពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលមានស្រាប់ កម្ពុជា ក៏មានយន្តការផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ ឬកាន់កាប់អចលនទ្រព្យដែលមានសិទ្ធិស្ទើរដូចគ្នានឹងសិទ្ធិកាន់កាប់កម្មសិទ្ធិករដែរ។
ជនបរទេស (រូបវន្តបុគ្គល និងនីតិបុគ្គល) អាចធ្វើកិច្ចសន្យាទិញដីនៅប្រទេសកម្ពុជាបាន តែមិនអាចកាន់កាប់ដីដែលខ្លួនបានទិញនោះជាកម្មសិទ្ធិតាមច្បាប់ក្នុងឋានៈជាកម្មសិទ្ធិករដោយផ្ទាល់បានឡើយ។ មានន័យថា លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) និងប័ណ្ណកម្មសិទ្ធិគ្រប់ប្រភេទ (ប្លង់រឹង) នៃដី មិនអាចដាក់ឈ្មោះជនបរទេសនៅក្នុងប្លង់ទាំងនោះក្នុងឋានៈជាកម្មសិទ្ធិករបានទេ។
បច្ចុប្បន្ននេះ ទោះបីជនបរទេសមិនអាចមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីដោយផ្ទាល់យ៉ាងណាក្តី តែផ្អែកតាមបរិបទថ្មីចុងក្រោយនេះ ជនបរទេសនអាចទិញ និងកាន់កាប់ដីនៅកម្ពុជាបានដោយចាត់តាំងអ្នកឈ្មោះធ្វើជាម្ចាស់នៅក្នុងឯកសារកម្មសិទ្ធិដីធ្លី។
ជាមួយគ្នានេះ កម្ពុជា បានអនុម័តច្បាប់មួយស្តីពី បរធនបាលកិច្ច (Trust Law) និងបានប្រកាសឲ្យប្រើនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលផ្នែកខ្លះនៃច្បាប់នេះបានផ្តល់លទ្ធភាពឲ្យជនបរទេសអាចទិញដីនៅកម្ពុជាបាន តែត្រូវធ្វើលិខិត ឬកិច្ចព្រមព្រៀងបរធនបាលកិច្ច (មានទម្រង់ជាកិច្ចព្រមព្រៀងឈរឈ្មោះតំណាង) អនុលោមទៅតាមលក្ខខណ្ឌ និងវិធានដែលមានចែងនៅក្នុងច្បាប់ស្តីពី បរធនបាលកិច្ច និងបទប្បញ្ញត្តច្បាប់ដែលពាក់ព័ន្ធដទៃទៀត។
ក្នុងករណីនេះ ច្បាប់តម្រូវថា អាចធ្វើជាបរធរបាលបានលុះណាតែបុគ្គលនោះទទួលបានអាជ្ញាបណ្ណពីបញ្ញត្តិករដែលពាក់ព័ន្ធ ហើយបញ្ញត្តិករដែលពាក់ព័ន្ធក្នុងច្បាប់នេះ គឺសំដៅដល់ អាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ដែលមាននិយ័តករបរធនបាលកិច្ចស្ថិតក្រោមឱវាទ អនុលោមតាមច្បាប់ស្តីពីអាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ និងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុដែលមិនមែនធនាគារ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជាជនបរទេសពុំមានសិទ្ធិទិញដី ឬផ្ទះផ្ទាល់ដី ជាកម្មសិទ្ធិបានក៏ដោយ តែជនបរទេសអាចចុះកិច្ចសន្យាជួលអចិន្ត្រៃយ៍រយៈពេលវែងចាប់ពី ១៥ឆ្នាំ ដល់ ៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀត ស្ទើរតែដូចនឹងសិទ្ធិកម្មសិទ្ធិករដែរ រួមមាន សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញលក់ ការជួលបន្ត និងសន្តិកម្ម ជាដើម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


