ព័ត៌មានជាតិ
លោក ព្រាប កុល ៖ រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ ចាំបាច់ ដើម្បីទាក់ទាញវិនិយោគពីបរទេស
រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ចាំបាច់ ដើម្បីទាក់ទាញវិនិយោគពីបរទេសមកវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយ Chanel News Asia កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ព្រាប កុល បញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងសម្លឹងមើលកំណែទម្រង់ចាំបាច់ជាបន្ទាន់ ដូចជាការសម្រួលដំណើរការកម្មវិធីអាជីវកម្ម ដើម្បីកាត់បន្ថយកម្រិតនៃអំពើពុករលួយ ជាពិសេសកំណែទម្រង់របស់រដ្ឋាភិបាលគឺដើម្បីធានាឲ្យមានគណនេយ្យភាពតម្លាភាព និងរួមបញ្ចូលទាំងដំណើរការនៃការចុះបញ្ជីអាជីវកម្ម ក៏ដូចជាការបង់ពន្ធស្របតាមនីតិវិធីទាំងអស់ដែលទាក់ទងនឹងការវិនិយោគ ហើយដើម្បីឲ្យវាកាន់តែងាយស្រួល និងលឿនជាងមុន។ លោកបានបន្តថា កម្ពុជានឹងប្រើតាមអនឡាញ ឬតាមមធ្យោបាយឌីជីថល ស្របពេលដែលយើងក៏កំពុងឆ្ពោះទៅការបង្កើតរដ្ឋាភិបាលអេឡិចត្រូនិក ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាក៏ត្រូវការពេលវេលាដើម្បីបង្កើតវេទិកាទាំងនោះ។
នៅក្នុងបទសម្ភាសន៍ដដែល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាបានកំណត់ចក្ខុវិស័យរបស់ខ្លួនលើការជំរុញការវិនិយោគពីបរទេស ជាមួយនឹងកំណែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ ក៏ដូចជារិះរកវិធីដោះស្រាយអំពើពុករលួយជាដើម ខណៈចំណាត់ការនេះគឺជាផ្នែកមួយនៃផែនការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ធុរកិច្ចនៅប្រទេសសិង្ហបុរីកាលពីខែកក្កដា លោក ព្រាប កុល បានឱ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុសិង្ហបុរីចំនួន ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគកម្ពុជា ដោយសន្យានឹងជួយចុះបញ្ជីអាជីវកម្មខ្នាតតូចចំនួន ៥០០ ជាមួយនឹងដើមទុនទីផ្សាររួម ១០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។
ប៉ុន្តែដើម្បីជំរុញអ្នកវិនិយោគឲ្យមានទំនុកចិត្ត លោក ព្រាប កុល បានលើកឡើងថា ចំណាត់ការនេះត្រូវតែផ្ដើមចេញពីការដោះស្រាយអំពើពុករលួយជាមុនសិន។

គួរជម្រាបថា លោក ព្រាប កុល ជាកូនខ្មែរមួយរូបដែលទទួលបានការអប់រំខ្ពស់ និងមានបទពិសោធន៍បម្រើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិចំនួនជាងពីរទសវត្ស។ យ៉ាងណានៅក្នុងឆ្នាំ២០២០ លោក ព្រាប កុល បានលាលែងពីតំណែងជាប្រធានអង្គការតម្លាភាព ទៅធ្វើការនៅក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យដ៏ធំមួយ។ បន្តមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងចុងនីតិកាលទី៦ នៃរដ្ឋសភា លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ បន្តមកដល់នីតិកាលទី៧ នៃរដ្ឋសភា លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងត្រូវសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចឱ្យជួយលើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


