ព័ត៌មានជាតិ
ក្រុមហ៊ុន Smart ដាំដើមកោងកាង២០២១ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាង នៅកម្ពុជា
ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន២០២១ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ។

យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌនិរន្តរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។

លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថា យុទ្ធនាការដាំដើមកោងកាង ២០២១ ដើមនេះនឹងជំរុញបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ លោកបញ្ជាក់ថា “ការដាំដើមកោងកាង នេះគឺជាផ្នែកមួយនៃការជំរុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួមជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន ហើយយើងជឿជាក់ថា ដើមកោងកាងនេះធំឡើងនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ផ្ទាល់សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រកដល់សត្វ ដែលរស់នៅក្នុងទឹក និងជីវចម្រុះផ្សេងៗទៀតផងដែរ។ តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ”។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “ថ្ងៃនេះគឺជាថ្ងៃល្អមួយ ដែលមានក្រុមការងារក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថានតែងតែចង់បានដៃគូចូលរួមការពារបរិស្ថាន។ នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើងកំពុងបង្កើតជម្រកបន្ថែមសម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែប្រសើរឡើង”។

ដើមកោងកាងអាចជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ ដូចជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រ ដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់។

កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងការដាំដើមកោងកាង បានឲ្យដឹងថា “នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានមកដាំដើមឈើជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយ ដែលបានមកដាំដើមកោងកាងជាមួយពួកគាត់។ ក្រុមហ៊ុន Smart ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន ដោយជម្រុលឲ្យពួកខ្ញុំស្រលាញ់ធម្មជាតិ និងធ្វើការដើម្បីសហគមន៍នានា”។

កម្មវិធីបរិស្ថានល្អ គឺជាសសរស្ដម្ភដ៏សំខាន់មួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទាំងបួនរបស់ក្រុមហ៊ុន Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។ កម្មវិធីនិរន្តរភាព និងកម្មវិធីទំនួលខុសត្រូវសង្គម គឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថាអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


