ព័ត៌មានជាតិ
តើទូរទស្សន៍ ទទក វិទ្យុជាតិ និងAKP បានរួមចំណែកអ្វីខ្លះក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមាន៣ គឺទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) មានឈ្មោះដើមថា សារព័ត៌មានកម្ពុជា (SPK), វិទ្យុជាតិកម្ពុជា (RNK) និងទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលរស់ឡើងវិញ និងមានកំណើតបន្ទាប់ពីកម្ពុជារួចផុតពីសង្គ្រាម និងមានសន្តិភាពពេញលេញ។
តើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំង៣នេះ ត្រូវបានបង្កើតឡើងវិញនៅឆ្នាំណា? តើប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បង្កើតដោយនរណា ហើយបច្ចុប្បន្ននរណា ជាអ្នកគ្រប់គ្រង? ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញពីសាវតាសង្ខេបរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិទាំង៣ ផ្អែកតាមឯកសាររបស់ក្រសួងព័ត៌មាន។
១.ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
សារព័ត៌មានកម្ពុជា ដែលហៅកាត់ថា SPK (Sarpormean Kampuchea) បានចាប់បដិសន្ធិឡើងមួយថ្ងៃក្រោយការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលមហាជនឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ សារព័ត៌មាន SPK បានចូលរួមកសាងសង្គមកម្ពុជាឡើងវិញតាមរយៈការផ្សព្វផ្សាយព័ត៌មាន និងដំណឹងដែលឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវបំផុតនូវគោលមាគ៌ានយោបាយទាំងក្នុង និងក្រៅប្រទេស ដោយផ្សាភ្ជាប់នឹងទ្រឹស្តី «និយាយពិត និយាយត្រង់ មានប្រភពពីមូលដ្ឋានច្បាស់លាស់ ខ្លឹមសារខ្លី ស៊ីជម្រៅ និងទាន់ពេលវេលា»។ ដើម្បីសម្រេចបាននូវទ្រឹស្តីនេះ អ្នករាយការណ៍ព័ត៌មាន និងអ្នកថតរូបរបស់សារព័ត៌មាន SPK គ្រប់រូបត្រូវចុះទៅមូលដ្ឋានជាប់ជាប្រចាំ មិនថារដូវប្រាំង ឬវស្សា ព្រមទាំងតំបន់ដែលមិនទាន់មានសន្តិសុខល្អផងដែរ។ នៅក្នុងដំណាក់កាលដំបូង សារព័ត៌មាន SPK ចាប់ផ្តើមដំណើរការដោយមានសមមិត្ត ជ័យ សុផុន ជាអគ្គនាយក អមដោយអគ្គនាយករងពីររូប ត្រូវបានតែងតាំងនៅក្នុងឆ្នាំ១៩៨០ គឺសមមិត្ត ឯម សំអាន និងសមមិត្ត ឌិត មន្ទី។
សារព័ត៌មាន SPK បានបន្តអនុវត្តវិជ្ជាជីវៈរបស់ខ្លួនជាបន្តបន្ទាប់ ហើយត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា Agence Kampuchea Presse ហៅកាត់ AKP មានឈ្មោះជាភាសាខ្មែរថា «ទីភ្នាក់ងារសារព័ត៌មានកម្ពុជា» ដែលជាអគ្គនាយកដ្ឋានមួយចំណុះឱ្យក្រសួងព័ត៌មានចាប់ពីឆ្នាំ១៩៩៣ មកដល់ពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់លោកស្រីអគ្គនាយិកា សុខមុំ និមល ចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាទីភ្នាក់ងារផ្លូវការតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែខ្លួនពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមកជាការប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីឲ្យស្របនឹងការរីកចម្រើនរបស់សង្គមក្នុងបរិបទឌីជីថល។ ក្នុងពេលបច្ចុប្បន្ន ភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ផ្សាយជា ៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំង និងភាសាអារ៉ាប់ តាមទម្រង់ចម្រុះរួមមាន គេហទំព័រ ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ (ផ្សាយជាឌីជីថល) – ទស្សនាវដ្តីប្រចាំខែ (បោះពុម្ព និងផ្សាយជាឌីជីថល) និងតាមបណ្តាញផ្សព្វផ្សាយសង្គម។
២ .វិទ្យុជាតិកម្ពុជា (RNK)
វិទ្យុជាតិ (918 KHz) ត្រូវបានបង្កើតឡើងក្នុងសម័យអាណានិគមបារំាង នៅថ្ងៃដំណាលគ្នានឹងការបង្កើតក្រសួងឃោសនាការ វប្បធម៌ ព័ត៌មាន គឺថ្ងៃទី៦ ខែឧសភា ឆ្នាំ ១៩៤៧ ។ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឃោសនាការ វប្បធម៌ ព័ត៌មាន ដើមឡើយ វិទ្យុជាតិ មានឈ្មោះថា «វិទ្យុសំឡេងខ្មែរ»។ ក្នុងឆ្នាំ១៩៥៣ ដល់១៩៧០ វិទ្យុជាតិ បានដំណើរការក្រោមឈ្មោះថា «វិទ្យុសំឡេងកម្ពុជា» ដោយបានផ្សាយតាមរលកអាកាសមធ្យម (Medium Wave 918 KHz) និងរលកខ្លី (Short Wave 6090 KHz)។ កាលនោះ វិទ្យុជាតិផ្សាយ៣ដងក្នុងមួយថ្ងៃ រយៈពេល៩ម៉ោង គឺចាប់ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ និង ពីម៉ោង ១១៖០០ ដល់ ១៤៖០០ និងពីម៉ោង ១៧៖០០ ដល់ ១១៖០០ ។ ក្រៅពីភាសាជាតិ វិទ្យុជាតិ ក្នុងកំទ្បុងឆ្នាំនោះ ក៏បានផ្សាយជាភាសាបរទេសសរុបចំនួន ៦ភាសា រួមមាន ភាសាបារំាង អង់គ្លេស ចិន វៀតណាម ឡាវ និងថៃ ដោយភាសានីមួយៗផ្សាយរយៈពេល១៥នាទី និងផ្សាយពីរដងក្នុងមួយថ្ងៃ នៅម៉ោង៧ព្រឹក និង៧យប់ តាមរលកអាកាសMW1300 KHz និងSW 940 KHz ក្នុងរយ:កម្ពស់ ២២១ម និង២៥ម។ វិទ្យុជាតិ ជាមូលដ្ឋានព័ត៌មានដ៏សំខាន់របស់ប្រជាជនកម្ពុជា និងជាប្រភពព័ត៌មានពិតពីកម្ពុជាទៅកាន់មជ្ឍដ្ឋានខាងក្រៅ ហើយដំណើរការនៃវិទ្យុនេះ បានឆ្លងកាត់របបនយោបាយជាច្រើន។
បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជាអគ្គនាយកដ្ឋានបច្ចេកទេសមួយរបស់ក្រសួងព័ត៌មាន ដែលមានលោកស្រី ឈឹមពៅ សុកាន់ឌី ជាអគ្គនាយិកា។ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសម្របខ្លួនក្នុងបរិបទសង្គមឌីជីថល ដោយបានប្រតិបត្តិការផ្សាយរបស់ខ្លួនតាមរយៈហ្វេសប៊ុកផេកផ្លូវការ និងបញ្ជូនព័ត៌មានតាមឆាណែលយូធូប និងតេឡេក្រាមផ្លូវការផងដែរ បន្ថែមលើការផ្សាយតាមរលកធាតុអាកាស AM918KHz FM96MHz FM105.70MHz។ វិទ្យុជាតិកម្ពុជាបាន និងកំពុងផ្សព្វផ្សាយ ដោយឈរលើគោលការ «ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន» ដែលមានកម្មវីធីជាច្រើនទម្រង់ រួមមាន ព័ត៌មានទាន់ហេតុការណ៍ បទវិចារណកថា បទអត្ថាធិប្បាយ បទយការណ៍ និងកម្មវិធីសន្ទនាមតិ។
៣. ទូរទស្សន៍ជាតិកម្ពុជា (TVK)
ទូរទស្សន៍ជាតិកម្ពុជា បានចាប់បដិសន្ធិនៅឆ្នាំ១៩៦៣ ហើយមកដល់ឆ្នាំ១៩៧០ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប៉ុន្តែ នៅតែបន្តការផ្សាយរហូតដល់ឆ្នាំ១៩៧៥។ ក្នុងឆ្នាំ១៩៧៥-១៩៧៩ ស្ថានីយទូរទស្សន៍កម្ពុជា ត្រូវបានកម្ទេចទាំងសម្ភារៈបច្ចេកទេស និងបាត់បង់បុគ្គលិកស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មេសា ១៩៧៩ ជាប្រវត្តិសាស្ត្រអតីតរដ្ឋកម្ពុជា ក៏បានបង្កើតឡើងនូវស្ថានីយទូរទស្សន៍ មាននាមថា ទូរទស្សន៍កម្ពុជា ដែលជាទូរទស្សន៍តែមួយគត់របស់រដ្ឋាភិបាល បម្រើការផ្សព្វផ្សាយព័ត៌មាន និងការកម្សាន្ត ជូនប្រជាពលរដ្ឋ។ ទោះបីជាកម្មវិធីពេលនោះ ពុំទាន់សម្បូរបែបដូចសព្វថ្ងៃ ក៏ទូរទស្សន៍កម្ពុជា បានអភិវឌ្ឈសមត្ថភាព និងលទ្ធភាពពីកម្មវិធីផ្សាយបន្ត រហូតដល់ផលិតកម្មវិធីផ្សាយដោយខ្លួនឯង ។
ឆ្នាំ១៩៩៤ ទូរទស្សន៍ជាតិកម្ពុជា បានផ្តាច់ចេញពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ហើយត្រូវបង្កើតជាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក រហូតដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ១៩៩៨ ទូរទស្សន៍ជាតិកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនឡើង ដោយប្រើប្រាស់ស្ថានីយថ្មី ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ស័ក្តិសមជាមជ្ឍមណ្ឌលផ្សាយមានលក្ខណៈសមស្របតាមខ្នាតអន្តរជាតិ។ ក្នុងឆ្នាំ១៩៩៩ ក្រសួងព័ត៌មាន ក៏បានអនុញ្ញាតឱ្យទូរទស្សន៍ជាតិកម្ពុជាជួលផ្កាយរណបថៃកូម៣ Thaicom ដើម្បីពង្រីកវិសាលភាពក្នុងការផ្សព្វផ្សាយ ដែលមានអានុភាពគ្របដណ្តប់រហូតដល់៥ទ្វីប គឺទ្វីបអាស៊ី អាហ្រ្វិក អឺរ៉ុប អាមេរិក និងទ្វីបអូសេអានី(១៨៦ ប្រទេស)។ កម្មវិធីទាំងអស់នេះ ទូរទស្សន៍ជាតិកម្ពុជា បានផលិតផ្ទាល់គិតជាសមាមាត្របានពី៤០ ទៅ៦០ភាគរយ និងបានមកពីកិច្ចសហប្រិបត្តិការរវាងទូរទស្សន៍ជាមិត្ត និងពីទីផ្សារក្នុងស្រុក។
បច្ចុប្បន្ន លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ មជ្ឈមណ្ឌលព័ត៌មានកណ្តាលទូរទស្សន៍ជាតិនៅភ្នំពេញបានដំណើរការជាបណ្តាញផ្សព្វផ្សាយជាតិ ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបង ពោធិ៍សាត់ ក្រុងព្រះសីហនុ កោះកុង រតនៈគិរី និង សៀមរាប។ ចំណែកឯព័ត៌មានអន្តរជាតិដែលទទួលបានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ការផ្តល់សិទ្ធិ (Copyright) ពីទូរទស្សន៍មជ្ឈឹមចិន CCTV ទូរទស្សន៍បារាំង CFI ទូរទស្សន៍ ABC អូស្ត្រាលី និងទូរទស្សន៍អន្តរជាតិជប៉ុន ( NHK ) ជាដើម៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ