ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរទប់ស្កាត់បាតុភាពនានា ដើម្បីធានាឱ្យការបោះឆ្នោតអសកលឆ្នាំ២០២៤ បានប្រសើរ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតអសកល ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះផង។

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា ទោះបីបរិយាកាសជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោរកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ និងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម ជាពិសេសអាចក្លាយជាកម្មវត្ថុនៃការចោទប្រកាន់អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិដែលមានទស្សនៈទុទ្ទិដ្ឋិនិយមលើរាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការ បង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើសដែលកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឱ្យឃើញជនប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន បញ្ចៀសឱ្យបាននូវនិទណ្ឌភាពក្នុងសង្គម។
ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ឱ្យយកចិត្តទុកដាក់សហការផ្តល់សេវាសន្តិសុខឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយ គ.ជ.ប. គ្រប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដើម្បីមានវិធានការអប់រំ បំភ្លឺជូនមហាជនឱ្យបានយល់ពីឧបាយកលញុះញង់ ប៉ុនប៉ងរំខានការបោះឆ្នោត សំដៅរួមគ្នារក្សាភាពស្ងប់ស្ងាត់ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី និងចាត់វិធានឱ្យបានស្របទៅតាមច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


